នៅថ្ងៃស្អែក៖ បើកសវនាការលើសំណុំរឿងចំនួន២១ ពាក់ព័ន្ធទៅនឹងការញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត
ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់ AMS ថា នៅថ្ងៃទី២៥ ខែកក្កដាស្អែកនេះ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងចំនួន២១ ដែលមានមនុស្សជាប់ពាក់ព័ន្ធការចោទប្រកាន់មានចំនួន២១នាក់ ពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត។ ក្រៅពីអ្នកប្តឹង គឺគណៈកម្មការនឹងកោះអញ្ជើញជនជាប់ចោទ ឬក៏ចុងចម្លើយចំនួន២១នាក់ ដើម្បីចូលមកក្នុងសវនាការដោះស្រាយបណ្តឹងនៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ជនដែលជាចុងចម្លើយ គឺសុទ្ធតែជាបុគ្គលនៅក្រៅប្រទេស។ ការកោះអញ្ជើញឲ្យចូលសវនាការស្អែកនេះ អាចសាម៉ីខ្លួនមិនបានចូលរួមទេ។ ដូច្នេះ គណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងប្រជុំសម្រេចកំបាំងមុខជនចុងចម្លើយ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រី គ.ជ.ប សហការជាមួយសមត្ថកិច្ចការពារការិយាល័យបោះឆ្នោត បានឃាត់មនុស្សចំនួន៣នាក់ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត និងការគូសខ្វែងសន្លឹកឆ្នោតរួចយកទូរស័ព្ទ គឺនៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាវត្តមហាមន្ត្រី ១ករណី, នៅការិយាល័យបោះឆ្នោតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ១ករណី និងករណីមួយទៀតនៅខេត្តបន្ទាយមានជ័យ គឺសមត្ថកិច្ចចាប់ខ្លួនមន្ត្រីបក្សប្រឆាំង ដែលផ្សព្វផ្សាយញុះញង់ឲ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត៕
ដោយ៖ពលជ័យ














