គណៈប្រតិភូអន្តរសភាអាស៊ាន៖ ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន បរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព
ភ្នំពេញ៖ ប្រតិភូអន្តរសភាអាស៊ាន (AIPA) ដែលបានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំនេះនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានវាយតម្លៃថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេតមើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។ វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យមានការពិភាក្សានយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬ អំពើហិង្សាណាមួយក្នុងអំឡុងពេលដំណើរការសង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។ នេះបើយោងតាមសេចក្តីក្តីថ្លែងការណ៍របស់គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA ) ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រតិភូអន្តរសភាអាស៊ាន (AIPA) មានកិត្តិយសដែលត្រូវបានផ្តល់ឱកាសឱ្យចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំនេះនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គោលបំណងនៃសេចក្តីថ្លែងការណ៍នេះ គឺដើម្បីផ្តល់នូវទិដ្ឋភាពទូទៅនៃសកម្មភាពសង្កេតការណ៍ពេញមួយដំណើរការបោះឆ្នោត។ យើងខ្ញុំគោរព និងកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាសម្រាប់ការប្តេជ្ញាចិត្តចំពោះគោលការណ៍ប្រជាធិបតេយ្យ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរៀបចំ និងចាត់ចែងដំណើរការបោះឆ្នោតនេះ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការចូលរួមដោយផ្ទាល់ដើម្បីវាយតម្លៃព័ត៌មានដែលបានផ្តល់នៅក្នុងសម័យប្រជុំសង្ខេបមុនថ្ងៃបោះឆ្នោត និងការពិតដែលឆ្លុះបញ្ចាំងនៅលើមូលដ្ឋានជាក់ស្ដែង។ ការសង្កេតការណ៍ត្រូវបានធ្វើឡើងលើដំណើរការបោះឆ្នោតទាំងមូល រួមទាំងការបើក និងបិទការិយាល័យបោះឆ្នោត បន្ទាប់មកដំណើរការរាប់សន្លឹកឆ្នោត។
គណៈប្រតិភូ AIPA បានវាយតម្លៃថា ដំណើរការបោះឆ្នោតនៅកម្ពុជា បានបង្ហាញពីទិដ្ឋភាពវិជ្ជមានជាច្រើន ដែលរួមចំណែកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានការរៀបចំបានល្អ។ គណៈប្រតិភូ AIPA មានឱកាស ដើម្បីសង្កេត មើលអំឡុងពេលមុនការបោះឆ្នោត ដែលត្រូវបានកត់សម្គាល់ដោយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ដែលអនុញ្ញាតឱ្យគណបក្សនយោបាយ និងបេក្ខជនធ្វើយុទ្ធនាការដោយសេរី។ វត្តមានរបស់គណបក្សនយោបាយជាច្រើនដែលតំណាងឱ្យមនោគមវិជ្ជាចម្រុះ បានអនុញ្ញាតឱ្យមានការពិភាក្សានយោបាយដ៏រស់រវើក និងផ្តល់ឱ្យអ្នកបោះឆ្នោតនូវជម្រើសចម្រុះ។ លើសពីនេះ គណៈប្រតិភូក៏មិនបានជួបប្រទះនូវការអនុវត្តការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬ អំពើហឹង្សាណាមួយក្នុងអំឡុងពេលដំណើរការសង្កេតការណ៍នៅឯការិយាល័យបោះឆ្នោតដែលបានទៅទស្សនានោះទេ។
គណៈប្រតិភូ AIPA សង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ នៅកម្ពុជា បានអនុញ្ញាតឱ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែង និងចូលរួមដោយសេរីក្នុងដំណើរការបោះឆ្នោតទាំងមូល ដោយគ្មានការជ្រៀតជ្រែក ដែលបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនៅកម្ពុជា។ ប្រព័ន្ធតម្លាភាពត្រូវបានអនុវត្តដើម្បីធានាឱ្យអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិមានឱកាសសង្កេតការណ៍ដំណើរការបោះឆ្នោតទាំងមូល។ ដំណើរការបោះឆ្នោតពាក់ព័ន្ធនឹងការយល់ដឹងអំពីព័ត៌មានរបស់ប្រតិភូនីមួយៗដែលបានផ្តល់មុន និងអំឡុងពេលដំណើរការបោះឆ្នោត ដែលអនុវត្តស្របតាមច្បាប់ជាតិ និងតាមលក្ខណៈបច្ចេកទេសប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ការរាប់សន្លឹកឆ្នោតត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានវត្តមានចូលរួមពីអ្នកសង្កេតការណ៍។
វត្តមានរបស់មន្ត្រីរៀបចំការបោះឆ្នោត ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុក បានជួយរក្សាតម្លាភាព និងគណនេយ្យភាពពេញមួយដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គ.ជ.ប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាដំណើរការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព។ គណៈប្រតិភូមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលឃើញការចេញផ្សាយលទ្ធផលបឋមទាន់ពេលវេលា ដែលអាចឱ្យភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសអាចតាមដានវឌ្ឍនភាពនៃការបោះឆ្នោត។ គណៈប្រតិភូសូមសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នៅកម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ បានអនុញ្ញាតឱ្យប្រជាជនកម្ពុជាប្រើប្រាស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមរយៈការបោះឆ្នោតផ្ទាល់ជាសកល និងសម្ងាត់ ដែលគ្រប់គ្រងដោយច្បាប់ជាតិ និងអន្តរជាតិ៕
ដោយ៖ពលជ័យ