នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ៖ ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយសន្តិវិធី និងសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅកម្ពុជា គឺប្រព្រឹត្តទៅដោយសន្តិវិធី និងសន្តិភាព។ ការបោះឆ្នោតនៅម្ពុជា ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ការវាយតម្លៃនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ឆ្នាំ២០២៣នេះ។ ឯកឧត្តម Nuno Gomes Nabiam បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្ដេចក្រឡាហោមថា ចាប់តាំងពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។
ចំណែកសម្តេចក្រឡាហោម ស ខេង បានជម្រាបអំពីស្ថានភាពទូទៅនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ។ ដោយសម្តេចបានមានប្រសាសន៍ថា ស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការជម្រាបជូននេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ វិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ឆ្លងកាត់តាមរយៈបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមក អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ។ ចំពោះប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំ ពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ លើសពីនេះទៀត សម្ដេចបានចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។ បន្ថែមពីនេះទៀតផងដែរ សម្ដេចក្រឡាហោម បានបន្តថា ចំពោះប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំ ពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ លើសពីនេះទៀត សម្ដេចបានចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីដែលបានវាយតម្លៃជាវិជ្ជមានមកលើដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះស្មារតីនៃលទ្ធផលជំនួបរវាងឯកឧត្តមនាយករដ្ឋមន្រ្តី និងសម្ដេចតេជោ នៅក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ សម្ដេចក្រឡាហោម ក៏បានគាំទ្រ និងស្វាគមន៍ចំពោះគោលបំណងរបស់ឯកឧត្តមដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍រវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ហើយសម្ដេចក៏មានសេចក្ដីសង្ឃឹមជឿជាក់ថាប្រទេសទាំងពីរ កម្ពុជា គីណេប៊ីសាវ នឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
ដោយ៖ពលជ័យ