កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវក្នុងទ្វីបអាហ្វ្រិក (Video Inside)

កម្ពុជាមានគម្រោងជួយប្រទេសហ្គីណេប៊ីសាវលើវិស័យកសិកម្ម។ គម្រោងជួយប្រទេសនៅទ្វីបអាហ្វ្រិកនេះ ត្រូវបានលើកឡើងក្នុងជំនួបមួយវវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ លោក នូណូ ហ្គូណេស ណាប៊ីអេម កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ។

លោក នូណូ ហ្គូណេស ណាប៊ីអេម បានធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា រវាងពីថ្ងៃទី២១ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រៅពីដំណើរបំពេញទស្សនកិច្ច, លោកនាយករដ្ឋមន្ត្រីហ្គីណេ ប៊ីសាវ បានអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងការបោះឆ្នោតសកលនៅកម្ពុជាថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ បានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? សម្តេចតេជោបានបង្ហាញនូវគំនិតរបស់សម្ដេច ដែលចង់រៀបចំតំបន់មួយ ដែលមានប្រព័ន្ធប្រឡាយ ទឹក, មានថ្នាល ដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។

នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបានបង្ហើបពីការរៀបចំឱ្យមានការបន្តវេន ក្រោយការបោះឆ្នោត ដែលឯកឧត្តមនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថា នឹងធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ads banner