ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា
ភ្នំពេញ៖ តាមការបញ្ជាក់ នៅក្នុងលិខិតរួមថ្មីៗនេះរបស់ លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្ម សម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសថា ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន៨០,៨លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។
ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។
រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។
កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ។ កាយវិការនេះគឺជាសក្ខីភាព ដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី៕