សេតវិមាន៖ អាមេរិកមិនបានគាំទ្រការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងទឹកដីរុស្ស៊ីនោះទេ

អាមេរិក៖ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងរបស់អ៊ុយក្រែនបានបើកទៅបុកបំផ្លាញអគារនៅទីក្រុងមូស្គូកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា សេតវិមានអាមេរិកបានប្រកាសថា ខ្លួនមិនបានគាំទ្រការបើកការវាយប្រហាររបស់អ៊ុយក្រែនទៅលើទឹកដីរបស់ប្រទេសរុស្ស៊ីនោះទេ។

អ្នកនាំពាក្យសេតវិមានលោកស្រី ការីន ជីនភៀ (Karine Jean-Pierre) បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ «យើងមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីនោះទេ»។

យ៉ាងណាក៏ដោយ រុស្ស៊ីបានសន្យាថា ខ្លួននឹងធ្វើការសងសឹកទៅកាន់អ៊ុយក្រែនវិញយ៉ាងចាស់ដៃ ហើយបានចាត់ទុកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងនេះ ថាជាអំពើភេរវកម្មដ៏ឃោរឃៅ។

គួរបញ្ជាក់ថា យានគ្មានមនុស្សបើកមួយគ្រឿងបានបុកបំផ្ទុះអគារនៅក្បែរទីស្នាក់ការកណ្ដាលក្រសួងការពារជាតិរុស្ស៊ីទៀតផង។

លោកស្រី ជីនភៀ បាននិយាយថា ៖ «នេះគឺជាសង្រ្គាមដែលរុស្ស៊ីជាអ្នកចាប់ផ្តើមមុន ហើយរុស្ស៊ីអាចបញ្ចប់សង្គ្រាមនេះនៅពេលណាមួយក៏បាន ដោយគ្រាន់តែដកកងកម្លាំងទាហានរបស់ពួកគេចេញពីទឹកដីអ៊ុយក្រែន ជំនួសឱ្យការបើកការវាយប្រហារយ៉ាងឃោរឃៅទៅលើជនស៊ីវិល»។

គួរដឹងដែរថា គ្មាននរណាម្នាក់រងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនទាំងពីរគ្រឿងនេះនៅទីក្រុងម៉ូស្គូនោះទេ ប៉ុន្តែវាគឺជាព្រឹត្តិការណ៍វាយប្រហារមួយដ៏ធំមិនធ្លាប់មាន បើធៀបទៅនឹងយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងដូចគ្នា ដែលបានហោះទៅដល់វិមានក្រឹមឡាំងកាលពីខែឧសភាកន្លងទៅ។

ជាថ្មីម្ដងទៀត យន្តហោះគ្មានមនុស្សបើកមួយគ្រឿងក្នុងចំណោមពីរគ្រឿងនោះ បានធ្វើការវាយប្រហារនៅទីតាំងមួយ ជិតទីស្នាក់ការក្រសួងការពារជាតិរបស់រុស្ស៊ី។ នេះគឺជាការពញ្ញាក់ស្មារតីឱ្យគ្រប់គ្នាបានដឹងថា សមត្ថភាពរបស់យន្តហោះគ្មានមនុស្សបើកគឺមិនធម្មតានោះទេ។ បន្ថែមលើនេះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនក៏បានព្រមានផងដែរថា នាពេលខាងមុខ អាចនឹងមានការវាយប្រហារបន្ថែមទៀតកើតមាន។

ជាមួយគ្នានេះដែរ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលទីក្រុងគៀវបានប្រាប់ឱ្យដឹងថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងបានបំផ្លាញឃ្លាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅលើទន្លេដានូបេ (Danube) និងបានធ្វើឱ្យមនុស្ស ៧ នាក់រងរបួស។

ដោយឡែក យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿងបានបើកការវាយប្រហារពេញមួយយប់ទៅលើតំបន់គ្រីមៀ ដែលរុស្ស៊ីយកបានពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ ប្រមុខដឹកនាំរុស្ស៊ីប្រចាំតំបន់គ្រីមៀបាននិយាយថា ពួកគេបានវាយប្រហារឃ្លាំងផ្ទុកគ្រាប់រំសេវមួយ និងបានបំផ្លាញអគារលំនៅឋានមួយផងដែរ៕ ប្រែសម្រួល៖ ធា សុណា

ads banner