ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំការប្រកួតថ្នាក់អន្តរជាតិផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការបានរៀបចំការប្រកួតប្រជែងថ្នាក់អន្តរជាតិផ្នែកព័ត៌មានវិទ្យា សម្រាប់យុវជនមានពិការភាពទាំងពីរភេទ តាមប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសជ័យលាភីបួនរូប ទៅប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យា ដោយផ្ទាល់នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។

ការប្រកួតប្រជែងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ ហើយសម្រាប់យុវជនដែលមានចំណាត់ថ្នាក់ចាប់ពីលេខ៥ឡើងនឹងត្រូវរៀបចំការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤-២៩ ខែតុលាខាងមុខនេះ។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានទៅចូលរួមដោយផ្ទាល់ក្នុងកម្មវិធីនេះ។

តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ លោកបានថ្លែងថា ៖ «ខ្ញុំសូមបានលើកទឹកចិត្តដល់យុវជនមានពិការភាពចូលប្រកួតទាំងអស់ និងសង្ឃឹមថាយុវជនមានពិការភាពដែលបានចូលរួមប្រកួតក្នុងថ្ងៃនេះនឹងមានឱកាសចូលរួមប្រកួតនៅសហព័ន្ធអារ៉ាប់អេមីរ៉ាតនាពេលខាងមុខ»។

លោក ឯម ច័ន្ទមករា ក៏បានសម្តែងនូវមោទនភាពដែលជនមានពិការភាពកម្ពុជាបានចូលរួមប្រកួតប្រជែងជាមួយជនមានពិការភាពនៅតាមបណ្តាប្រទេសផ្សេងៗទៀត ខណៈកន្លងមកក៏មានជនមានពិការភាពកម្ពុជាបានទទួលបានជ័យលាភីមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានចូលមកសួរសុខទុក្ខក្រុមតូរ្យតន្រ្តីកុមារមានពិការភាព និងបានពិចារណាក្នុងការនាំយកឧបករណ៍តន្រ្តីរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មកឧបត្ថម្ភដល់អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងបានទស្សនកិច្ចនៅទីតាំងដែលលោកធ្លាប់បានឧបត្ថម្ភថវិកាមួយចំនួនក្នុងការចាក់ដីចាក់ស្មៅនិងដាំដើមឈើ ដើម្បីជាកន្លែងបង្កឱកាសដល់ជនមានពិការភាពរស់នៅទីនេះ។

សូមបញ្ជាក់ដែរថា សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានប្រទេសចំនួន១៧ និងយុវជនជាង ៥៣០នាក់ ចូលរួមប្រកួតប្រជែងតាមអនឡាញ ក្នុងនោះកម្ពុជាមានបេក្ខជនជាយុវជនពិការភាពចូលរួមសរុបចំនួន ២៤នាក់ មកពីអង្គការឡាវ៉ាឡា (MSC) វិទ្យាស្ថានជាតិអប់រំពិសេស អង្គការប៉េអេសអឺ និងយុវជនក្នុងសហគមន៍។

បើតាម ក្រុមប្រឹក្សាសកម្មភាពជនពិការ ការប្រកួតផ្នែកបច្ចេកវិទ្យាសកលសម្រាប់យុវជនមានពិការភាព (GITC) ជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាពទំនាក់ទំនងបច្ចេកវិទ្យា របស់យុវជនមានពិការភាព បង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ។

ប្រភពដដែលថា នៅឆ្នាំ២០២៤ នឹងត្រូវបានអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕ ដោយ៖ ជា សុខនី

ads banner