ស្លាប់មនុស្ស២៤នាក់ ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅសេណេហ្គាល់
ដាកា៖ មនុស្ស ២៤នាក់ រួមទាំងកុមារ ៤នាក់បានស្លាប់ កាលពីថ្ងៃពុធ សប្តាហ៍នេះ អំឡុងគ្រោះថ្នាក់ រថយន្តក្រុងបានធ្លាក់ផ្លូវ នៅភាគខាងជើង ប្រទេសសេណេហ្គាល់ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសសេណេហ្គាល់ លោក Antoine Felix Abdoulaye Diome បាននិយាយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅឯកន្លែងគ្រោះថ្នាក់ថា មនុស្ស ៥៤ នាក់បានរងរបួស នៅក្នុងឧបទ្ទវហេតុនេះផងដែរ ជាគ្រោះថ្នាក់ដែលបានកើតឡើងនៅម៉ោង ជិត៨ព្រឹក ស្ថិតក្នុងភូមិ Dielerlou Syll ក្នុងទីក្រុង Louga ។
អ្នកកាសែត AFP បានរាយការណ៍ថា គ្រោងឆ្អឹងរថយន្តក្រុងត្រូវបានគេឃើញដេក នៅលើចិញ្ចើមផ្លូវ ជាមួយនឹងឥវ៉ាន់របស់អ្នកដំណើរ នៅរាយប៉ាយជុំវិញនោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា រថយន្តក្រុងនេះបានមកពីទីក្រុងមួយ នៅភាគខាងជើងនៃប្រទេស ហើយត្រូវបាន “កកកុញ” ជាមួយនឹងមនុស្ស ៧៥ នាក់នៅរថយន្ត ទោះបីជាមានសមត្ថភាពផ្ទុកមនុស្សបាន ៦០ នាក់ក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន សមាជិកម្នាក់នៃក្រុមពន្លត់អគ្គីភ័យបាននិយាយថា រថយន្តក្រុងបានរអិល ហើយបន្ទាប់មក ក្រឡាប់ដោយសំបកកង់ទាំងបួន បានហោះទៅលើអាកាស។
រដ្ឋមន្ត្រីបានបន្ថែមថា អ្នករងរបួសត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Louga និងទីក្រុង Saint-Louis ។
គួររម្លឹកថា កាលពីខែមករា មនុស្ស ១៩ នាក់បានស្លាប់ និង ២៤ នាក់បានរងរបួសក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា នៅក្នុងតំបន់ដដែល ពោលគឺក្បែរនឹងក្រុង Louga នៃប្រទេសសេណេហ្គាល់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត