អាស៊ាន ពិភាក្សាពីគោលនយោបាយថ្នាក់រដ្ឋមន្ត្រីអប់រំ ដើម្បីជំរុញការគាំពារ និងអប់រំកុមារតូច
ភ្នំពេញ៖ អាស៊ានបានរៀបចំកិច្ចពិភាក្សាគោលនយោបាយថ្នាក់រដ្ឋមន្ត្រីអប់រំស្តីពីការគាំពារ និងការអប់រំកុមារតូច ក្នុងគោលដៅផ្តល់ការអភិវឌ្ឍន៍ពេញលេញដល់កុមារតូចនៅក្នុងថ្នាក់ជាតិនិងតំបន់ និងបានចេញសេចក្តីថ្លែងការណ៍ប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនការវិនិយោគ និងកិច្ចសហការជិតស្និទ្ធិលើបញ្ហនេះ។
កិច្ចពិភាក្សានេះធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ាន២០២៣នេះ ដែលមានការចួលរួមពីថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រីអប់រំពីបណ្តាប្រទេសសមាជិកអាស៊ាន។ សម្រាប់កម្ពុជាមានឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានគណៈប្រតិភូក្រសួង ចួលរួមកិច្ចពិភាក្សានេះ។
នេះបើយោងតាមសេចក្តីប្រកាសពីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចពិភាក្សាកម្រិតគោលនយោបាយនេះ ធ្វើឡើងក្នុងគោលដៅបីយ៉ាងរួមមាន ទី១ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការផ្តល់កិច្ចគាំពារ ការអប់រំកុមារតូច និងការអប់រំមាតាបិតាលើបញ្ហានេះ, ទី២ចែករំលែកបទពិសោធន៍ផ្នែកនេះពីរង្វង់អ្នករៀបចំ និងអ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវនិងអ្នកពាក់ព័ន្ធក្នុងតំបន់អាស៊ាននិងអន្តរជាតិ និង៣ ពិភាក្សាលើគោលនយោបាយពាក់ព័ន្ធលើផ្នែកនេះពីចំណោមប្រទេសជាសមាជិកអាស៊ាន។
ក្នុងកិច្ចពិភាក្សានេះពីភាគីកម្ពុជា ឯកឧត្តម អ៊ុម រម្យណី បានលើកឡើងពីយុទ្ធសាស្ត្រអាទិភាពនៃគោលនយោបាយជាតិកម្ពុជាស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូច ដើម្បីជំរុញបរិវត្តកម្មការគាំពារ និងអភិវឌ្ឍកុមារតូច ដល់អង្គវេទិកា។
យុទ្ធសាស្រ្តគោលនយោបាយជាតិនោះ មានប្រាំមួយចំណុច ដូចជា ទី១ ការផ្តល់សេវាថែទាំ និងសេវាអប់រំសុខភាព ព្រមទាំងអាហារូបត្ថម្ភដល់ស្រ្តីពេលមានផ្ទៃពោះ។ ទី២ ការផ្តល់ដល់កុមារតូចការថែទាំពិនិត្យសុខភាព ជាប្រចាំ ការផ្តល់ថ្នាំបង្ការអាហារូបត្ថម្ភគ្រប់គ្រាន់ និងទទួលបានការហាត់រៀនពីដំបូង។
ទី៣ ការផ្តល់ការគាំទ្រដល់កុមារតូចទាំងអស់នូវការត្រៀមលក្ខណៈជាស្រេចដើម្បីចូលរៀនថ្នាក់ទី១នៅអាយុ ៦ឆ្នាំ និងទី៤ ការបណ្តុះបណ្តាល និងការអប់រំបុគ្គលិកបច្ចេកទេសអ្នកថែទាំកុមារតូចមាតាបិតា និង អាណាព្យាបាលឱ្យមានចំណេះដឹងគ្រប់គ្រាន់លើការគាំពារ និងអភិវឌ្ឍន៍កុមារតូច។

ចំណែកចំណុចទី៥ ការលើកកម្ពស់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងគ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់លើការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងទី៦ ការបង្កើនសេវាថែទាំព្យាបាលជំងឺសុខភាព និងផ្តល់អាហារូបត្ថម្ភ ដល់ កុមារតូចចាប់ពីពេលកើតដល់អាយុ ៣ឆ្នាំ។
សម្រាប់ជំនួបកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីអប់រំអាស៊ានក៏បានមូលមតិចេញនូវសេចក្តីថ្លែងការណ៍រួមផងដែរពាក់ព័ន្ធនឹង ការគាំពារ និងអប់រំកុមារតូចនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាស៊ានបញ្ជាក់ពីការប្តេជ្ញាក្នុងការបង្កើនការវិនិយោគ និងកិច្ចសហការជិតស្និទ្ធិលើការគាំពារ និងអប់រំកុមារតូចនៅកម្រិតជាតិ និងតំបន់អាស៊ាន ក្នុងគោលដៅផ្តល់ការអភិវឌ្ឍន៍ពេញលេញដល់កុមារតូច។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការលើកឡើងពីប្រធានបទស្តីពីការអភិវឌ្ឍន៍កុមារនៅក្នុងកម្រិតជាតិនិងតំបន់ជារឿងសំខាន់ ខណៈកុមារជាគ្រឹះដ៏សំខាន់នៃធនធានមនុស្ស ដែលមុនអាចក្លាយជាយុវជនដែលមានសក្តានុពលលុះត្រាមានកុមារដែលមានសក្តានុពលជាមុនសិនដែរ។
លោកថ្លែងថា៖«ដើម្បីឱ្យធនធានមនុស្សរបស់សង្គមមានសុភាពល្អ មានសមត្ថភាពពេញលេញ ហើយមានសីលធម៌ និងគុណធម៌ហ្នឹង គេត្រូវយកចិត្តទុកដាក់ចាប់ពីកុមារហ្នឹងហើយ តាំងសុខភាព និងការរីកចម្រើនផ្នែកចំណេះដឹង។ លោកសង្កត់ធ្ងន់ថា នៅក្នុងដំណើរអភិវឌ្ឍន៍កុមារនេះ គេពិតជាចាំបាច់ក្នុងការយកចិត្តទុកដាក់តាំងពីសុខភាពទារកនៅក្នុងផ្ទៃ ពោលគឺយកចិត្តទុកដាក់លើស្ត្រី លើការបីបាច់របស់ក្រុមគ្រួសារ ការអប់រំនៅក្នុងគ្រួសារ សហគមន៍ និងការផ្តល់ការអប់រំមូលដ្ឋានដែលមានសង្គមជាតិជាអ្នកជួយសម្រួល៕ ប្រែសម្រួល៖ សំបាន ច័ន្ទដារ៉ា