លោក ពូទីន៖ ពាណិជ្ជកម្មរវាងរុស្ស៊ី-អាហ្រ្វិក មានតម្លៃ១៨ពាន់លានដុល្លារ

មូស្គូ៖ ពាណិជ្ជកម្មរវាងរុស្ស៊ី និងអាហ្រ្វិកមានទឹកប្រាក់សរុប១៨ពាន់លានដុល្លារ ដែលនេះជាលទ្ធផលនៃកិច្ចប្រជុំកំពូល Sochi ហើយត្រូវបានប្រកាស ដោយលោក ពូទីន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិការុស្សី-អាហ្រ្វិក កាលពីថ្ងៃទី២៧ ខែកក្កដា ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងអាហ្រ្វិកបានឈានដល់ ១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផលនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិក នៅទីក្រុងសូជី (Sochi)។

លោកបានបន្តថា៖ «ខ្ញុំចង់កត់សម្គាល់ថា កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងអាហ្វ្រិកបានកើនឡើងដល់១៨ពាន់លានដុល្លារ ។ លោកពូទីនបានបន្ថែមថា “នេះគឺជាលទ្ធផលជាក់ស្តែងមួយនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកនៅទីក្រុង Sochi”។

លោកបានសង្កត់ធ្ងន់ថា «ខ្ញុំមានទំនុកចិត្តថា យើងទាំងអស់គ្នាអាចពង្រីកពាណិជ្ជកម្មកាន់តែច្រើន នៅពេលអនាគត ដែលអាចមើលឃើញ»។

កិច្ចប្រជុំកំពូល និងវេទិការុស្សី-អាហ្រ្វិក លើកទីមួយ បានប្រារព្ធឡើង នៅទីក្រុង Sochi របស់រុស្ស៊ី ក្នុងឆ្នាំ២០១៩ ដោយមានតំណាងនៃប្រទេសទាំង ៥៤ នៃទ្វីបអាហ្វ្រិក ក៏ដូចជា សមាហរណកម្ម និងអង្គការសំខាន់ៗចំនួនប្រាំបីរបស់អាហ្វ្រិកបានចូលរួមក្នុងកិច្ចប្រជុំនេះ។ កិច្ចព្រមព្រៀងចំនួន ៩២ ត្រូវបានចុះហត្ថលេខា នៅទីក្រុង Sochi ។

សេចក្តីថ្លែងការណ៍រួមដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល បានកំណត់គោលដៅ និងទិសដៅនៃការអភិវឌ្ឍន៍បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏មានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃប្រទេសចំនួន ១៦ នៅក្រៅវេទិកា ក្នុងទីក្រុង Sochi ផងដែរ៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner