សម្តេចតេជោ ហ៊ុន សែន៖ ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។”
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះសម្តេច និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ។
សូមជម្រាបថា តាមរយៈសារនយោបាយពិសេសកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕