មេបញ្ជាការសឹករងកំពង់ធំ អរគុណកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដី ក្នុងកិច្ចការពារសន្តិសុខ ជូនបក្សនយោបាយ និងប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតសកល បានជោគជ័យ
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះយោធិនទាំងអស់ ដែលបានរួមជាមួយ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនដល់គណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ទទួលបានជោគជ័យ ។
ក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ព្រមទាំងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងយោធិនចំណុះទីបញ្ជាការ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃប្រវត្តិសាស្ត្រដែល កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហើយត្រូវបានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនរហូតដល់ទៅចំនួន ៨៤.៥៩ភាគរយ ប្រកបដោយសុខសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ ប្រសើរ សេរី យុត្តិធម៌ ។
នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសម្លេងនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះតទៅ ៕
ដោយ ប៊ុន រដ្ឋា