ឯកឧត្តម គន់ គីម៖ ត្រឹម ១ខែកក្កដា រាជធានីខេត្តចំនួន១៩ ទទួលរងនូវខ្យល់កន្ត្រាក់ ចំនួន ៣១លើក បណ្តាលឱ្យមនុស្សស្លាប់ ១៣នាក់ របួស៦នាក់ និង ខូចខាតទ្រព្យសម្បត្តិជាច្រើន

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា រយៈពេល ១ខែពេញ ពោលគឺខែកក្កដា នេះ រាជធានីខេត្តចំនួន១៩ ទទួលរងនូវខ្យល់កន្ត្រាក់ ចំនួន ៣១លើក បណ្តាលឱ្យមនុស្សចំនួន ១១នាក់បានស្លាប់ របួស ៦នាក់ និងបណ្តាលឱ្យ ផ្ទះរលំ ខូចធ្ងន់ធ្ងរចំនួន ១៤៦ខ្នង របើកដំបូល និងខូចខាតមធ្យម ១៤៥៤ខ្នង របើកដំបូលសាលាឆាន់ និងកុដិលោក ៤ខ្នង រោងម៉ាស៊ីនកិនស្រូវ ១កន្លែង អគារ និងប៉ុស្តិ៍រដ្ឋបាល ១០កន្លែង ដួលរលំផ្ទាំងប៉ាណូ និងក្លោងទ្វាចូលក្រុង ៣កន្លែង ។

ការលើកឡើងរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះនមហន្តរាយ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។

ឯកឧត្តម បញ្ជាក់បន្ថែមថា យោងស្ថានភាពអាកាសធាតុដែលត្រូវបានព្យាករណ៍ ដោយក្រសួងជំនាញ ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិចតែនៅតាមតំបន់ទំនាបតាមដងទន្លេប៉ុណ្ណោះ ។ ចំពោះជំនន់ទឹកភ្លៀងអាចនឹងកើតមានដោយកន្លែងក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានជំរុញដល់មន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួមជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋានសហគមន៍ងាយរងគ្រោះ។ពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយក្រោមកិច្ចសហប្រតិបត្តិការជាមួយកងប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និងអង្គការដៃគូ។រៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner