ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការរិះគន់ក្នុងន័យស្ថាបនា ខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងនូវទស្សនៈមួយក្នុងការដឹកនាំថា ការរិះគន់ក្នុងគោលបំណងស្ថាបនាមានភាពខុសស្រឡះពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច ដែលលោកចង់បង្ហាញថា មតិរិះគន់ខ្លះនាំទៅរកភាពស្វាគមន៍និងផ្តល់តម្លៃ។ ប៉ុន្តែសម្រាប់មតិខ្លះទៀតដែលជារឿងប្រឌិត លោកមិនស្វាគមន៍ឡើយ។

ឯកឧត្តមបានលើកឡើងនូវទស្សនៈបែបនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាមរបស់លោក នាថ្ងៃទី៣១ ខែកក្កដា ដែលទស្សនៈនេះបានបង្កើតជាចំណាប់អារម្មណ៍ពីសាធារណជនលើភាពជាអ្នកដឹកនាំរដ្ឋរបស់លោកនៅពេលអនាគត នៅចំពោះមុខមតិរិះគន់នានា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឱ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍»។

ជុំវិញទស្សនៈនយោបាយនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រលើការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលលោកថា ការរិះគន់ក្នុងន័យស្ថាបនាពិតជាមានសារៈសំខាន់នៅក្នុងយន្តការប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យដើម្បីកែប្រែកំហុសឆ្គងនិងពន្លឿនការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈចម្រុះមតិយោបល់ ជាពិសេសពីក្នុងរង្វង់សាធារណមតិ។

លោក យង់ ពៅ បន្តថា ៖ «ការដឹកនាំតាមបែបសង្គមប្រជាធិបតេយ្យ យើងទទួលយកនូវពហុមតិ ពហុទស្សនៈ ដើម្បីស្ថាបនាសង្គម ប៉ុន្តែពហុមតិ ពហុទស្សនៈនេះ ត្រូវគិតពីគោលការណ៍ស្ថាបនា ជាជាងទៅតាមគោលការណ៍បន្ទុចបង្អាក់»។

ទោះជាយ៉ាងណាក៏ដោយ លោក យង់ ពៅ យល់ថា ក្នុងនាមជាអ្នកដឹកនាំ និងជាគោលការណ៍ល្អ ត្រូវទទួលយករាល់នូវមតិរិះគន់ទាំងឡាយ ព្រោះរាល់មតិរិះគន់អាចជាកញ្ចក់ឆ្លុះបញ្ចាំងពីថតភាពជាក់ស្តែងនៃដំណើរការប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍប្រទេស ហើយត្រូវបំភ្លេចចោលនូវមតិរិះគន់ណាបង្កប់នូវការញុះញង់ និងក្នុងន័យបង្កចលាចលសង្គម៕ ប្រែសម្រួល៖ សំបាន ច័ន្ទដារ៉ា

ads banner