អត្រាអតិផរណាឡាវធូរស្រាលបន្តិចនៅត្រឹម ២៧.៨ភាគរយក្នុងខែកក្កដាឆ្នាំនេះ

វៀងចន្ទន៍៖ ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសឡាវ បានថយចុះមកនៅត្រឹម ២៧.៨ភាគរយនៅក្នុងខែកក្កដា ធ្លាក់ចុះពី ២៨.៦៤ភាគរយកាលពីខែមិថុនា។

ការធ្លាក់ថ្លៃនៃប្រាក់គីបរបស់ប្រទេសឡាវ គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា។ នៅក្នុងខែកក្កដា ការកើនឡើងតម្លៃទំនិញប្រើប្រាស់ត្រូវបានជំរុញជាចម្បងដោយប្រភេទអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ដែលបានកើនឡើង ៣៧.៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគេហទំព័រការិយាល័យស្ថិតិឡាវ។

តាមពីក្រោយដោយប្រភេទសណ្ឋាគារ និងភោជនីយដ្ឋាន ៣២.៨ភាគរយ, ប្រភេទសម្លៀកបំពាក់ និងស្បែកជើង ២៨,៥ភាគរយ, ទំនិញក្នុងផ្ទះ ២៤,៧ភាគរយ និងប្រភេទសេវាថែទាំសុខភាព និងថ្នាំពេទ្យ ២០,៨ភាគរយ។

អត្រាអតិផរណារបស់ឡាវបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៤០.៩៧ភាគរយក្នុងខែមីនា, ៣៩.៨៩ភាគរយក្នុងខែមេសា និង ៣៨.៨៦ភាគរយនៅក្នុងខែឧសភា បន្ទាប់ពីប្រទេសនេះ បានមើលឃើញអតិផរណាខ្ពស់បំផុតដែលបានកត់ត្រារហូតដល់ ៤១.២៦ភាគរយនៅក្នុងខែកុម្ភៈ។

ទន្ទឹមគ្នា ធនាគារកណ្តាលរបស់ប្រទេសឡាវនឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់គីប ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់អតិផរណា និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាជនសាមញ្ញ៕ ប្រភព៖ Vientiane Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner