សេចក្ដីប្រកាសព័ត៌មានរបស់សកលវិទ្យាល័យពុទ្ធិសាស្រ្ត

ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរៀបចំពិធីប្រកាសទទូលស្គាល់និស្សិតអាហារូបករណ៍ សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន១៣៧នាក់ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលសុខភាពពុទ្ធិសាស្រ្តដែលជាសមិទ្ធិផលថ្មីបន្ថែមមួយទៀតសម្រាប់សាកលវិទ្យាល័យក្នុងការបម្រើដល់វិស័យសុខភាពសាធារណៈ ក៏ដូចជាកន្លែងសម្រាប់និស្សិតធ្វើកម្មសិក្សានិងអនុវត្តជាក់ស្ដែងលើកម្មវិធីសិក្សារបស់ខ្លួន។ កម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលវិទ្យាល័យពុទ្ធិសាស្រ្ត ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ចម ក្រស្នា អគ្គនាយិកានៃក្រុមហ៊ុន សោម៉ា គ្រុប។ ថ្លែងក្នុងពិធីនេះឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើងពីកត្តាសុខសន្តិភាពដែលនាំឱ្យប្រទេសជាតិមានឱកាសក្នុងការកសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងការរួមចំណែកយ៉ាងសំខាន់របស់ សម្ដេចវិបុលបញ្ញា​ សុខ អាន និងលោកជំទាវព្រមទាំងក្រុមគ្រួសារដែលតែងតែយកចិត្តទុកដាក់ចំពោះយុវជនជំនាន់ក្រោយដែលមានជីវភាពលំបាក និងរៀនពូកែទទួលបានឱកាសក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាតាមរយៈអាហរូបករណ៍សម្ដេចនិងលោកជំទាវដើម្បីកសាងចំណេះនិងតម្រង់ទិសពួកគេឆ្ពោះទៅកាន់អនាគតមួយដ៏ភ្លឺស្វាង និងមានលទ្ធភាពជួយសង្គមជាតិឱ្យកាន់តែអភិវឌ្ឍថែមទៀត។​ ឯកឧត្តមក៏បានលើកពីតម្លៃស្នូលទាំង៣របស់សាកលវិទ្យាល័យគឺគោរពខ្លួនឯង គោរពអ្នកដ៏ទៃ និងអភិវឌ្ឍន៍សង្គមដែលជាគោលការណ៍ដ៏សំខាន់សម្រាប់បណ្ដុះផ្នត់គំនិត ស្មារតីដល់និស្សិតដែលរៀនចប់ពីសាកលវិទ្យាល័យទៅក្លាយជាធនធានមួយសម្រាប់សង្គមប្រកបដោយទំនួលខុសត្រូវ។

ក្រោយបញ្ចាប់ការសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្ដេចវិបុលបញ្ញា​ សុខ អាន និងលោកជំទាវរួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសុខភាពពុទ្ធិសាស្រ្តដែលមានមុខងារ៣សំខាន់ៗរួមមាន៖

ឱសថស្ថាន

ឱសថស្ថានសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាឱសថស្ថានក្នុងស្រុកធំជាងគេក្នុងប្រទេសកម្ពុជាក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពដូចជា ការប្រឹក្សាអំពីឱសថទូទៅ ការពិនិត្យមើលឡើងវិញអំពីការប្រើប្រាស់ឱសថ ការបកស្រាយលទ្ធផលតេស្តមន្ទីរពិសោធន៍ និងការវាយតម្លៃហានិភ័យសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសសម្ពាធឈាម។

មន្ទីរព្យាបាលធ្មេញ

មន្ទីរពេទ្យ ទន្តសាស្រ្ត ពុទ្ធិសាស្រ្ត ជាមន្ទីរពេទ្យនាំមុខគេក្នុងការផ្តល់ការថែទាំសុខភាពមាត់ធ្មេញល្អបំផុតដល់ប្រជាជនកម្ពុជា។ ជាមួយនឹងឧបករណ៍ទន្តសាស្ត្រទំនើប មន្ទីរពេទ្យផ្តល់ជូននូវការព្យាបាលធ្មេញដែលមានតម្លៃសមរម្យចាប់ពីធ្មេញដែលមានតម្រូវការព្យាបាលចាំបាច់រហូតដល់ការព្យាបាលលើករណីលំបាកៗ រួមមានការប៉ះ ធ្មេញ ការដាក់ធ្មេញ ការព្យាបាល រន្ធឫសធ្មេញ និងវះថ្គាមទាល់ ជាដើម។

បន្ទប់ពិគ្រោះជំងឺ

បន្ទប់ពិគ្រោះជំងឺនៃមជ្ឈមណ្ឌលសុខភាពយូភីផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺទូទៅសំរាប់មនុស្សចាស់ និងកុមារ។ លើសពីនេះទៅទៀតយើងក៏មានផ្តល់ជាសេវាចាក់វាក់សាំងបង្ការជំងឺផ្សេងៗ និងកញ្ចប់ឆែកពិនិត្យសុខភាពផងដែរ។ បន្ទប់ពិគ្រោះជំងឺលើកកម្ពស់ឧត្តមភាពនៃសុខភាពដោយការផ្តល់នូវការថែទាំសុខភាពជាចម្បង និងពេញលេញសម្រាប់អ្នកជំងឺនៅក្នុងសហគមន៍ របស់យើង។

គួររំលឹកផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្រ្តគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សោម៉ា គ្រុប ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ១៧៤ អនក្រ.បក ចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ដែលមានទីតាំងស្ថិតនៅផ្លូវ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយផ្តោតលើការបណ្ដុះបណ្ដាលទៅលើ វិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាសាស្រ្តបច្ចេកវិទ្យាដោយមានមហាវិទ្យាល័យដូចខាងក្រោម៖

១. មហាវិទ្យាល័យ ទន្តវទនសាស្រ្ត

២. មហាវិទ្យាល័យ ឱសថសាស្រ្ត

៣. មហាវិទ្យាល័យ វេជ្ជសាស្រ្ត

៤. មហាវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល និងជីវបច្ចេកវិទ្យា (ដេប៉ាតឺម៉ង់វិទ្យាសា្រស្តមន្ទីរពិសោធន៍)

៥. មហាវិទ្យាល័យ គិលានុបដ្ឋាក និងឆ្មប

            – ជំនាញ គិលានុបដ្ឋាក

            – ជំនាញ ឆ្មប

៦. មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

៧. មហាវិទ្យាល័យ  វិទ្យាសាស្រ្ត ស្រាវជ្រាវ

៨. មហាវិទ្យាល័យ ភាសាអង់គ្លេស និងការងារ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner