ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២៤គ្រួសារ រស់នៅភូមិចំនួន៩ មកពីឃុំចំនួន២ ស្រុកស្រែអំបិល ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
(កោះកុង)៖ ក្នុងបេសកកម្មមនុស្សធម៌ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២៤គ្រួសារ រស់នៅភូមិចំនួន៩ មកពីឃុំចំនួន២ ស្រុកស្រែអំបិល ខេត្តកោះកុង។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍សំណេះសំណាល បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិសាខា-អនុសាខាខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់បងប្អូនពុកម៉ែមាមីង លោកយាយលោកតា ទាំងអស់ និងបានជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុក្ខដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដើម្បីសម្រួលការលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ជូនគ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានផ្តល់ថវិកាមួយចំនួន ជូនចាស់ជរា ស្ត្រីមានកូនតូច និងកុមារមួយចំនួន៕

ដោយ / គ្រី សម្បត្តិ