ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ “ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសមានភាពមិនត្រឹមត្រូវ ជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង”

ទីក្រុងហ្សឺណែវ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ — ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។ ការលើកឡើងរបស់ពួកគេមានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយតម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាសូមផ្តល់នូវការសង្កេតជាតថភាពមួយចំនួនដូចតទៅ៖
 1.បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិនឮអំពីអត្រាអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។ អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។ អ្នករាយការណ៍ពិសេសទាំងនេះបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិតដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាពស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយលម្អៀងរបស់ពួកគេ។
2.ដំណើរការបោះឆ្នោតដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ជាសក្ខីភាពយ៉ាងជាក់ច្បាស់អំពីនយោបាយពហុបក្សពិតប្រាកដ និងឱកាសស្មើៗគ្នាក្នុងដែនកំណត់នៃច្បាប់។ ដូចគ្នានឹងប្រទេសគោរពនីតិរដ្ឋផ្សេងទៀតដែរ។ ការគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត គឺជាប្រការចាំបាច់ ហើយការមិនគោរពតាមនឹងនំាមកនូវផលវិបាកនានា។
3.ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្ករការព្រួយបារម្ភពីអន្តរជាតិ គឺជាការលើកទ្បើងប្រាសចាកពីការពិត។ អ្នកសង្កេតការណ៍អន្តរជាតិ៤២២ នាក់ ដែលតំណាងឱ្យ ៦៥សញ្ជាតិ មកពី៦១ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនេះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ ប្រការនេះបង្កការងឿងឆ្ងល់ទៅលើលទ្ធភាពមើលឃើញច្បាស់ ឬមើលមិនឃើញទាល់តែសោះរបស់អ្នករាយការណ៍ពិសេសទាំងនោះ។
 4.សេចក្តីថ្លែងការណ៍នានារបស់ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ដោយសន្តិវិធីក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន និងអនុលោមយ៉ាង តឹងរ៉ឹងតាមច្បាប់។ ឯករាជ្យភាព និងភាពមានវិជ្ជាជីវៈរបស់មន្ត្រី និងស្ថាប័នដែលរៀបចំការបោះឆ្នោតត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។
5.ការអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាដែលរំពឹងថានឹងផ្ទេរអំណាចទៅឱ្យកូនប្រុសច្បង គឺជាការលើកទ្បើងដែលគ្មានមូលដ្ឋានទាល់តែសោះ ដែលប្រការនេះ បង្ហាញពីការយល់ដឹងនៅមានកម្រិតរបស់ក្រុមអ្នករាយការណ៍ពិសេស ឬការបដិសេធដោយចេតនាក្នុងការយល់អំពីនីតិវិធីច្បាប់របស់កម្ពុជា។ ការតែងតាំងនាយករដ្ឋមន្ត្រី ត្រូវអនុវត្ត យ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតេយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុង កម្រិតគណបក្ស ការបោះឆ្នោត និងសភា។

សរុបសេចក្ដីមក ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្ដីអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស និងសូមក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការបំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តនិងនិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕

ads banner