ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ កងទ័ព ត្រូវការពារឱ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម ម៉ៅ សុផាន់ បានផ្តាំផ្ញើដល់យោធាចារ្យ និង កម្មសិក្សាការីទាំងអស់ត្រូវស្មោះត្រង់ និង ការពារឱ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន កើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ សេរី និង យុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ ។ ត្រូវយកចិត្តទុកដាក់ ត្រៀមកម្លាំង មធ្យោបាយសម្ភារដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយផ្សេងៗ និង បង្កបង្កើនផលដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅជិតទីតាំងរបស់ខ្លួន ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោគ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ H.E Mrs(Dr) Deyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញកាំភ្លើងធំ ឆ្នាំ២០២៣ ដែលវគ្គហ្វឹកហ្វឺននេះ បានជួយឧបត្ថម្ភ ដោយយោធាចារ្យឥណ្ឌា ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផល ដែលកម្មសិក្សាការី ក្នុងវគ្គបំប៉នជំនាញកាំភ្លើងធំសំរេចបាន ដែលក្នុងរយៈពេល ៣ ខែកន្លងមក បានខិតខំសិក្សារៀនសូត្រ ហាត់ពត់លត់ដំ តស៊ូជម្នះរាល់ការលំបាក និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលបានជួយកម្ពុជាចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងនោះឥណ្ឌាក៏បានបញ្ជូនកងទ័ពជាច្រើននាក់ មកចូលរួមក្នុងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣ ។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធាចារ្យ កម្មសិក្សាការីទាំងអស់ ដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ពង្រីកបាននូវសមត្ថភាព បច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស កងទ័ពជើងគោក ឲ្យកាន់តែមានការរីក ចម្រើន ក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាអោយបានគង់វង្ស ។

ឯកឧត្តម ម៉ៅ សុផាន់ បានចាត់ទុក លទ្ធផលដែលវគ្គហ្វឹកហ្វឺនទទួលបាននាពេលនេះ គឺជាលទ្ធផលផ្លែផ្កា នៃកិច្ច សហប្រតិបត្តិការ ដែលបានចុះហត្ថលេខា ដោយកងទ័ពជើងគោក ប្រទេសទាំងពីរ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។

ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានបញ្ជាក់ថា៖ ដោយមានកិច្ចសហប្រត្តិបត្តិការជាមិត្តភាព រវាងកម្ពុជា និងកងទ័ពឥណ្ឌា បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក បានបើកវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញថ្នាក់កងអនុសេនាធំកាំភ្លើងធំ ឆ្នាំ២០២៣ថ្នាក់កាំភ្លើធំ 122mm-D30 និង ថ្នាក់កាំភ្លើងធំ 130mm-M46 ដែលវគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅ បានដោយជោគជ័យ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ទាំងស្មារតី ថវិកា ប្រេងឥន្ទនៈ តាមរយៈ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក។

ឯកឧត្តម ពៅ សុខា បន្តថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងធំធុន ១២២ មីលីម៉ែត្រ ចែកចេញជាពីរថ្នាក់ គឺកាំភ្លើងធំ 122mm-D30 និងកាំភ្លើងធំ 130mm-M46 ។ ថ្នាក់កាំភ្លើងធំ 122mm-D30 មានកម្មសិក្សាការី និងយោធាចារ្យ ចំនួន ៥៤នាក់ និង ថ្នាក់កាំភ្លើងធំ 130mm-M46 មានកម្មសិក្សាការី និងយោធាចារ្យចំនួន ៥៤នាក់ ។ ការងារហ្វឹកហ្វឺនពេលវេលារយៈពេលរួម ៣ ខែ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ៕

ប្រភព ៖ កងទ័ពជើងគោក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner