គណបក្សហ៊្វុនស៊ិនប៉ិច ទទួលយកលទ្ធផលផ្លូវការដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណបក្សហ៊្វុនស៊ិនប៉ិច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជារាស្ត្រដែលបាន អញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ថ្វាយដល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលមានចំនួនជិតមួយលាននាក់។

គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយ ដែលអាចទទួលយកបាន។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច សូមទទួលយកលទ្ធផលផ្លូវការ ដែល បានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការដឹងគុណថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានដឹកនាំគណបក្សទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទី មោទនភាពយ៉ាងក្រៃលែង។ ក្រោមព្រះកិច្ចដឹកនាំប្រកបដោយភាពជឿជាក់ មោះមុត អង់អាចក្លាហាន បានជំនះគ្រប់ឧបសគ្គ និងនាំឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ។

ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច សូមបញ្ជាក់គោលជំហរដ៏ម៉ឺងម៉ាត់ជូនប្រជារាស្ត និងសាធារណជន មេត្តាជ្រាបថា គណបក្សនឹងយកសំឡេងដែលទទួលបានពីការគាំទ្រនេះ ទៅបំរើ និង ការពារផលប្រយោជន៍ជាតិ ជាពិសេសទុក្ខកង្វល់ បញ្ហាផ្សេងៗរបស់ប្រជារាស្ត្រឱ្យបានឮដល់រដ្ឋសភាជាតិ តាមរយៈតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនេះតទៅ៕

ads banner