អគ្គនាយកធនាគារ វីង ៖ ការបើកដំណើរការសាខាថ្មីនៅខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលផ្តល់ភាពងាយស្រួល
(កំពង់ចាម)៖ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ ការបើកដំណើរការធនាគារ វីង សាខាខេត្តកំពង់ចាម គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ជូនសហគមន៍នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដែលផ្តល់ភាពងាយស្រួលប្រើប្រាស់នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ ដែលជាការបំពេញបន្ថែមនៃចក្ខុវិស័យក្នុងការជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យកាន់ប្រសើរឡើង ។
លោក ហាន ប៉េងក្វាង លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសធនាគារ វីង (ខេមបូឌា) ម.ក បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា វត្តមានសាខាថ្មីរបស់ធនាគារ វីង នៅក្នុងខេត្តកំពង់ចាម នឹងជួយជម្រុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅក្នុងខេត្ត និងជួយសម្រួលដល់ដំណើរការសេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជន ក្រុមហ៊ុនអាជីវកម្ម សាជីវកម្មនានា ក្នុងការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល លឿន រហ័ស កាន់តែមានប្រសិទ្ធភាពខ្ពស់ និងជឿទុកចិត្ត ។
ជាមួយគ្នានោះ លោក ហេង បូមករា មានប្រសាសន៍ថា ការបើកដំណើរការសាខាថ្មីរបស់ធនាគារ វីង នៅក្នុងខេត្តកំពង់ចាម នាពេលនេះ បានបញ្ជាក់អំពីវឌ្ឍនភាព ស្ថេរភាព និងចេរភាព របស់ប្រព័ន្ធធនាគារនៅកម្ពុជា ។
សូមបញ្ជាក់ថា សាខាថ្មីរបស់ធនាគារ វីង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ នៅចន្លោះសកលវិទ្យាល័យជាស៊ីមកំចាយមា និងរង្វង់មូលក្រុងកំពង់ចាម នឹងផ្តល់សេវាកមម្មធនាគារយ៉ាងទូលំទូលាយទៅដល់អតិថិជន ជាមួយនឹងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ សេវាកម្មទាំងនេះរួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ ការសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់ថ្លៃទឹក-ភ្លើង ព្រមទាំងសេវាកម្មជាច្រើនទៀត។ មិនថាជាតម្រូវការផ្ទាល់ខ្លួន ឬអាជីវកម្មនោះឡើយ ធនាគារ វីង ផ្តល់សេវាកម្មដែលមានសុវត្ថិភាពខ្ពស់ ហើយអាចទុកចិត្តបាន ដើម្បីជួយអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេឲ្យកាន់តែប្រសើរឡើង៕
ដោយ / គ្រី សម្បត្តិ