នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា អញ្ជើញជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ។

សូមជម្រាបថា បន្ទាប់ពីបានមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី១២សីហា ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជួបថ្នាក់ដឹកនាំកម្ពុជាមួយចំនួនដូចជា៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយនៅព្រឹកថ្ងៃទី១៣សីហា ឯកឧត្តម វ៉ាង យី ក៏បានជួបពិភាក្សាការងារជមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

បន្ទាប់មកនាព្រឹកថ្ងៃដដែល ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងាររួចមក នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានរៀបចំអាហារថ្ងៃត្រង់ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ផងដែរ ។

តាមការគ្រោងទុក បន្ទាប់ពីជួបសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហើយនោះ ឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង មុនចាកចេញពីកម្ពុជា នាល្ងាចថ្ងៃទី១៣ ។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម វ៉ាង យី ក្រោយត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី កាលពីខែកក្កដា ឆ្នាំ២០២៣ ហើយក៏ជាដំណើរទស្សនកិច្ច ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ចំខួប៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស នឹងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលត្រូវបានដាក់ចេញក្នុងដំណើរទស្សនិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំ២០២៣ កន្លងមក ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner