អភិបាលខេត្តបន្ទាយមានជ័យ​ បញ្ជាឱ្យរុះរើស្លាកផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ បន្ទាប់ពីផ្ទុះការរិះគន់​

អត្ថបទដោយ៖
CPA

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម  អ៊ុំ រាត្រី បានបញ្ជាឱ្យអាជ្ញាធរក្រុងប៉ោយប៉ែត រុះរើស្លាកផ្សាយពាណិ​ជ្ជកម្ម​ទាក់ទងនឹង​ល្បែងភ្នាល់អនឡាញ​នៅដងផ្លូវជាតិលេខ៥ នៅ​ទល់មុខទីស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែតជាបន្ទាន់ បន្ទាប់ពីមានរង​កា​ររិះគន់​ និង​បង្ហាញ​​ការមិនពេញចិត្តពីសំណាក់​ប្រជាពលរដ្ឋយ៉ាងច្រើន។

រដ្ឋបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី១៣ ខែសីហា ​បាន​ប្រកាស​ឱ្យដឹង​ថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម  អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅម៉ោង២រសៀលថ្ងៃដដែល​នោះ ក្រុមការងារក្រុងប៉ោយប៉ែតបានចុះរុះ​រើស្លាកផ្សាយពាណិជ្ជកម្មនៅដងផ្លូវជាតិលេខ៥ ទល់មុខទីស្នាក់ការ​គយ និងរដ្ឋាករប៉ោយប៉ែតនេះ រួច​រា​ល់ហើយ។  

រដ្ឋបាលក្រុងប៉ោយប៉ែត បាន​​បញ្ជាក់ថា ៖ «ការដាក់ស្លាកនេះ ពុំមានច្បាប់អនុញ្ញាត និងមិនមានការ​ស្នើពីអាជ្ញា​ធរមានសមត្ថកិច្ចណាមួយឡើយ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ​ក៏បានប្រកាស​ទទួលយករាល់មតិរិះគ​ន់ ដើម្បីស្ថាបនាពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ​»។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី​១៣ ខែសីហា​ បាន​ប្រាប់ឱ្យដឹងថា ប្រជាពលរដ្ឋបានថត និង​ធ្វើការ​ផ្ស​ព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក​ និងការចុះផ្សាយពីសំណាក់សារព័ត៌មាន មិនពេ​ញចិត្ត និងប្រតិកម្មខ្លាំងៗ​ចំពោះស្លាកផ្សាយពាណិជ្ជកម្មនេះ។ ទោះជាយ៉ាងណា ស្លាកផ្សាយពាណិជ្ជក​ម្មនេះ​មិនត្រូវបានអនុញ្ញាត ឱ្យដាក់ផ្សាយពីអាជ្ញាធរពាក់ព័ន្ធនោះទេ។​

លោក គាត ហ៊ុល បាន​បន្តថា លោកទើបតែដឹងនៅពេលដែលមានការប្រតិកម្មកពីមហាជន នៅលើបណ្តាញ​សង្គម លោក​ក៏បានស្នើសុំគោការណ៍ពី​អភិបាលខេត្តបន្ទាយមានជ័យ ហើយលោកអភិបាលខេត្ត​​ក៏បានបញ្ជាឱ្យរុះរើបន្ទាន់ ខណៈពេលនេះ ក្រុមការងារក្រុង​ក៏បានរុះរើចេញអស់ហើយដែរ​។  

លោកបញ្ជាក់ទៀតថា ៖ «​ស្លាកផ្សាយពាណិជ្ជកម្មនេះ មានតែមួយទីតាំងនេះទេ  ហើយរដ្ឋបាលខេត្តបាន កោះ​ ហៅម្ចាស់ស្លាកនេះ មកណែនាំ និងអប់រំរួចរាល់​ផងដែរ​។ យើងគ្រាន់តែធ្វើការ​ណែនាំគាត់សិន ដោយ​មិនមានវិធា​នការណាមួយ​នោះទេ​»។

សូមបញ្ជាក់ថា ស្លាកផ្សាយពាណិជ្ជកម្មដែលអាជ្ញាធរក្រុងប៉ោយប៉ែតធ្វើការរុះរើនេះ ជារបស់ក្រុមហ៊ុនភ្នាល់  JUN88 និង​789 BET ដែលមានតាំងបង្ហាញបុរសកាន់បាល់ ព្រមទាំងមានការសរសេរភាសាខ្មែរ និងថៃ ថា «ប្រជាជនថៃ ពួកយើងមកហើយ!»។ កត្តានេះហើយបានធ្វើ ឱ្យមហាជនដែលធ្វើដំណើការឆ្លងកាត់ទីតាំង​នេះ ផ្ទុះការរិះគន់ និងមិនពេញចិត្តចំពោះអាជ្ញាធរក្រុង៕

ដោយ៖គឹម យុត្ថារ៉ូ 

ads banner