ក្រសួងព័ត៌មាន និងអង្គការពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយសារទាក់ទងនឹងជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការសុខភាពពិភពលោក(WHO) ប្រចាំកម្ពុជា បានរួមគ្នាផ្សព្វផ្សាយសារទាក់ទងនឹងប្រភេទជំងឺមិនឆ្លងដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយដើម្បីកាត់បន្ថយអត្រាអ្នកកើតជំងឺមិនឆ្លងនៅប្រទេសកម្ពុជា។
យោងតាមគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១១ ខែសីហាចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា ក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក (WHO) បានរៀបចំកិច្ចប្រជុំពិនិត្យខ្លឹមសារស្តីពី «លើកកម្ពស់ការយល់ដឹងស្តីពីចំណីអាហារសុខភាព និងកាត់បន្ថយជាតិប្រៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយ»។
ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃបណ្តាលឱ្យមានពិការភាព បាត់បង់ពលកម្ម និងកំពុងតែគំរាមកំហែងដល់ភាពក្រីក្រ និងបង្កឱ្យមានការចំណាយយ៉ាងច្រើនទៅលើការថែទាំសុខភាព ដែលបណ្ដាលមកពីកត្តាប្រឈមមួយចំនួនដូចជា៖ ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹង របបអាហារដែលគ្មានសុខុមាលភាព និងកង្វះកាយវប្បកម្មជាដើម។
លោក ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានថ្លែងនាឱកាសនោះថា នេះជាសកម្មភាពមួយនៃការចាប់ផ្ដើមលើកដំបូងរវាងកិច្ចសហប្រតិបត្តិការរបស់ទូរទស្សន៍ជាតិកម្ពុជា ជាមួយនឹងអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
លោក ប៉ាង ណាត មានប្រសាសន៍ថា ៖ «សង្ឃឹមថាចាប់ពីពេលនេះតទៅ ក្រសួងព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតនៅក្រោមក្រសួងព័ត៌មាននឹងធ្វើការបណ្ដុះចំណេះដឹងនូវជំនាញផ្នែកសុខុមាលភាពតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនេះ ហើយជួយបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបានចំទិសដៅ និងងាយស្រួលទៅដល់ផលិតព័ត៌មាន ជាការរួមចំណែកក្នុងការធ្វើយ៉ាងណាចូលរួមទប់ស្កាត់ជំងឺមិនឆ្លងនេះ»។
ជាមួយគ្នានេះ លោក ឃឹម សំអាត តំណាងអង្គការសុខភាពពិភព ក៏បានថ្លែងដែរថា ទាក់ទងនឹងប្រភេទជំងឺមិនឆ្លងនេះ គឺជារឿងសំខាន់ ដោយសារជំងឺប្រភេទនេះមិនសូវមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋដែលជាក្ដីកង្វល់របស់កម្ពុជា និងពិភពលោក។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហាថា វាជាការល្អមែនទែន ដែលក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក បានផ្ដួចផ្ដើមរួមគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីនាំសារពីបញ្ហាជំងឺមិនឆ្លងទៅកាន់ប្រជាពលរដ្ឋ។
ក្រៅពីនេះទៀត លោកថា ទោះបីជាជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា មិនមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ គួរមានក្ដីបារម្ភ និងត្រូវចាប់ផ្ដើមប្រុងប្រយ័ត្នពីឥលូវនេះ ហើយប្រសិនជាគ្មានការប្រុងប្រយ័ត្ននឹងជំងឺមិនឆ្លងនេះទេ វាអាចនឹងហួសពេល ពីព្រោះថាជំងឺមិនឆ្លងវាជាឃាតករស្ងៀមស្ងាត់លាក់មុខ៕ដោយ៖ជា សុខនី