ប្រទេសចិនបញ្ជាក់ជំហរគាំទ្ររាជរដ្ឋាភិបាលថ្មី (Video Inside)

ក្រសួងការបរទេសកម្ពុជា បានថ្លែងថាសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលការបញ្ជាក់នេះ បានធ្វើឡើងក្រោយដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋ មន្ត្រីការបរទេសចិនលោក វ៉ាង យី។

លោករដ្ឋមន្ត្រីការបរទេសចិន បានបំពេញទស្សនកិច្ច ២ ថ្ងៃកាលពីចុងសប្តាហ៍នេះ ដោយបានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត និងបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថែមទៀត។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៣សីហា បានសរសេរថា លោក វ៉ាង យី ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិន ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា»។

ដោយឡែកក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីតែងតាំង, លោក វ៉ាង យី បានរំពឹងថាចិននឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ «កិតិ្តទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១២ ដល់១៣សីហា ក្នុងរាជធានីភ្នំពេញ, លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរក្នុងព្រះបរមរាជវាំងផងដែរ។

ads banner