តម្លៃអង្ករពិភពលោកហក់ឡើងខ្ពស់បំផុតលើកដំបូងក្នុងរយៈពេលជិត ១៥ឆ្នាំ

បាងកក៖ តម្លៃអង្ករបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌាបានទប់ស្កាត់ការនាំចេញ ខណៈដែលលក្ខខណ្ឌអាកាសធាតុមិនល្អនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាចប៉ះពាល់ដល់ផលិតកម្មដំណាំ។

ទិន្នន័យរបស់សមាគមអ្នកនាំចេញអង្ករថៃ បានបង្ហាញថា តម្លៃអង្ករ ស ៥ភាគរយរបស់ថៃ ដែលជាស្តង់ដារអាស៊ី បានកើនឡើងដល់ ៦៤៨ដុល្លារក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ២០០៨។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីប្រទេសនាំចេញអង្ករឈានមុខគេរបស់ពិភពលោកគឺឥណ្ឌា បានប្រកាសពីការរឹតបន្តឹងលើការនាំចេញអង្ករសកាលពីចុងខែកក្កដា។

រដ្ឋាភិបាលឥណ្ឌាបានពន្យល់ពីវិធានការនេះថា មានគោលបំណងរក្សាស្ថេរភាពតម្លៃអង្ករក្នុងស្រុក ដែលបានកើនឡើងជាង ៣០ភាគរយចាប់តាំងពីខែតុលា ឆ្នាំ២០២២។ យ៉ាងណាមិញ បម្រាមនាំចេញអង្ករនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាបន្ថែមទៀត ទៅលើទីផ្សារស្បៀងអាហារពិភពលោក ដោយសារអង្ករមានសារៈសំខាន់ចំពោះរបបអាហារប្រជាជនរាប់ពាន់លាននាក់នៅតំបន់អាស៊ី និងអាហ្វ្រិក។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ ថៃបាននាំចេញកសិផលចំនួន ៤.៨លានតោន ជាមួយនឹងការនាំចេញប្រចាំខែពី ៧០០.០០០ ទៅ ៨០០.០០០តោន នេះបើយោងតាមប្រធានសមាគមអ្នកនាំចេញអង្ករថៃ។ ដោយឡែកការនាំចេញអង្ករកាលពីឆ្នាំ២០២២ មានចំនួន ៧.៧១លានតោន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner