លោក ពូទីន ៖ រុស្ស៊ីបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយបណ្តាប្រទេសដទៃ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់អ្នកចូលរួមក្នុងវេទិកា Army-2023 ថា រុស្ស៊ីបើកចំហចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិស្មើៗគ្នាជាមួយគ្រប់ប្រទេសដែលស្វែងរកការការពារផលប្រយោជន៍របស់ពួកគេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា រុស្ស៊ីបើកទូលាយ និងស៊ីជម្រៅនូវភាពជាដៃគូបច្ចេកវិទ្យាដោយស្មើភាពគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសដទៃទៀត ពោលគឺជាមួយប្រទេសទាំងឡាយណា ដែលស្វែងរកការការពារផលប្រយោជន៍ជាតិ និងមាគ៌ាឯករាជ្យនៃការអភិវឌ្ឍន៍របស់ពួកគេ។

លោក ពូទីន បានសង្កត់ធ្ងន់ថា វេទិកា Army-2023 ត្រូវបានគេទទួលស្គាល់ថា ជាការតាំងពិពណ៌ដ៏ធំបំផុតមួយរបស់ពិភពលោក ពាក់ព័ន្ធនឹងឧបករណ៍យោធាទំនើបៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងពហុភាគីរបស់រុស្ស៊ីជាមួយបណ្តាប្រទេសដទៃទៀត។

មេដឹកនាំរុស្ស៊ីរូបនេះ បានបង្ហាញទំនុកចិត្តថា គណៈប្រតិភូបរទេសដែលចូលរួមក្នុងវេទិកាបច្ចេកទេស-យោធាអន្តរជាតិ Army-2023 នឹងមានការចាប់អារម្មណ៍ ខណៈដែលក្រុមហ៊ុនរុស្ស៊ីចំនួន ១,៥០០ បានដាក់បង្ហាញទំនិញយោធា និងគ្រឿងបរិក្ខាពាក់ព័ន្ធផ្សេងទៀតជាង ២៨,៥០០ នៅឧទ្យាន Patriot នៅខាងក្រៅទីក្រុងមូស្គូ៕

ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner