ប្រធាន គ.ជ.ប ៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា “ការបោះឆ្នោតសកលឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌” និង “ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយការបញ្ជួនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាម លំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន”…។ល។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង។

ប្រធាន គ.ជ.ប បានបន្តថា ជាទូទៅ នៅក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើសពីនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេសពីបរិយាកាសល្អប្រសើរនៃការ បោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា “ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព”។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថា កត្តាទាំងនេះហើយជាសូចនាករ បង្ហាញពីភាពជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវបានរៀបចំ កាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការ បោះឆ្នោតមុនៗ។

ប្រភពដដែលបានបញ្ជាក់ថា ជោគជ័យដ៏ត្រចះត្រចង់ដែលសម្រេចបាននេះ គឺអាស្រ័យដោយមានការចូលរួមចំណែកដ៏ ថ្លៃថ្លាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់កម្រិត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និង គ្មានការភ័យខ្លាច៕
ដោយ៖ពលជ័យ
រូបភាព៖គជប

