ប្រធានសម្ព័ន្ធសហជីពជាតិ ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការដំឡើងប្រាក់ឈ្មួលជូនកម្មករ និយោជិត

ភ្នំពេញ៖ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការដំឡើង​ប្រាក់​ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជូនកម្មករ និយោជិត ដោយបាន​បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។ ហើយបើប្រៀបធៀបទៅនឹងប្រទេសជិតខាង គឺរាជរដ្ឋាភិបាលកម្ពុជាបានយក​ចិត្តទុកដាក់ខ្ពស់​ទៅ​លើ​ការដំឡើង​ប្រាក់ឈ្មួកជូនកម្មករ និយោជិត ។ដូច្នេះទើបរាជរដ្ឋាភិបាលឱ្យមានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនេះឡើង ដើម្បីបន្តយន្តការចរចា​ប្រាក់ឈ្នួលជូនកម្មករនិយោជិត ទោះវិបត្តិសេដ្ឋកិច្ចពិភពលោកមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់រាជ​រដ្ឋា​ភិបាល ក៏ដូចជាក្រុមសហជីព គឺនៅតែបន្តយន្តការចរចាប្រាក់ឈ្មួល ទោះជាតិចឬច្រើន គឺមានជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ។

លោកបានបន្តថា នៅក្នុងការចរចាដំឡើង​ប្រាក់ឈ្នួលនេះ គឺក្រុមសហជីពធ្វើយ៉ាងណាធានាបាននៅការតម្លើងប្រាក់ឈ្នួលទោះ​បីជា​តិច​ឬច្រើន គឺយើងនៅតែទទួលយក ពីព្រោះយើងត្រូវពិនិត្យក្នុងនាមជាសហជីពចាស់ទុំ ហើយមិនមែនចេះតែនឹកឃើញដាក់តួលេខមកទេ ត្រូវពិនិត្យមើលលក្ខណៈវិនិច្ឆ័យទាំង៧ ដែលធ្លាប់បានសិក្សា និងមើលទៅលើបញ្ហាសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងមើលទៅលើ​បញ្ហា​សេដ្ឋកិច្ចនៅទូទាំងសកលលោក និងមើលទៅលើប្រទេសជិតខាងដែរ តើមានប្រទេសជិតខាងណាដែលគេដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត សម្រាប់ឆ្នាំ២០២៤ ដែរឬទេ? ហើយវាជាបញ្ហាដែលយើងត្រូវពិនិត្យ។ បើសិនជាប្រទេសជិតខាងមួយចំនួនធំដែលជា​ប្រទេស​ប្រកួតប្រជែងជាមួយប្រទេសកម្ពុជាមិនមានការដំឡើងនោះ ក៏យើងត្រូវពិនិត្យមើលថា តើយើងគួរទាមទារដំឡើងកម្រិតណា?។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់​ឈ្នួល​អប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការ​ក្រសួង​ការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។
កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖
១.បានប្រកាសជាផ្លូវការសមាសភាពសមាជិកនិងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់អាណត្តិទី៣ គឺ៖

  • លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
  • ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។
    ២. បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។
    ៣. បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។
    ៤. ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែក​ជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕ ដោយ៖ពលជ័យ

ads banner