តំណាងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ មកពី ១២ប្រទេស ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយអត្រាប្ដូរប្រាក់
(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍ ពីជំនាញធនាគារកណ្តាល (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលនយោបាយអត្រាប្ដូរប្រាក់” នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ជាតំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Mangal Goswami នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល SEACEN ។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៥ថ្ងៃ គឺចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបទឧទ្ទេសនាមពីសំណាក់វាគ្មិនចំនួន ៧រូប មកពីស្ថាប័ននិងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមអំពី ១/- ចំណាត់ថ្នាក់នៃរបបអត្រាប្ដូរប្រាក់ ២/- ការជះឥទ្ធិពលនៃរបបអត្រាប្ដូរប្រាក់ទៅលើស្ថិរភាពថ្លៃ កំណើនសេដ្ឋកិច្ច និងកត្តាក្នុងស្រុកសំខាន់ៗ ៣/- ការវាយតម្លៃសមតាអត្រាប្ដូរប្រាក់ និងគម្លាតអត្រាប្ដូរប្រាក់ពិតពីចំណុចសមតា និង៤/- បញ្ហាមូលដ្ឋានសំខាន់ៗនៃទុនបម្រុងអន្ដរជាតិ និងការអន្តរាគមលើទីផ្សាអត្រាប្ដូរប្រាក់។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសំណាក់សិក្ខាកាម ចំនួន ៣៤រូប ជាតំណាងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ មកពី ១២ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ។
សូមជម្រាបថា គោលនយោបាយអត្រាប្តូរប្រាក់ របស់ធនាគារជាតិនៃកម្ពុជា គឺជាឧបករណ៍នយោបាយមួយរបស់គោល នយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ ។ អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ។ អត្រាប្តូរប្រាក់ផ្លូវការនេះ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធ ។ លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាសាធារណៈជន អាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះ ទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះ ក៏ជាអត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជនផងដែរ ។
ធនាគារជាតិនៃកម្ពុជា កំណត់អត្រាប្តូរប្រាក់ផ្លូវការ ដូចជា៖ គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលរួមមាន៖សមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា៖ នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយ និងឃ្លាំងបេឡា នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ ។ សមាជិកគណៈកម្មការនេះ បានជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករ សំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកំណត់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ។ បន្ទាប់មក អត្រាប្តូរប្រាក់ផ្លូវការនេះ បានដាក់ជូនថ្នាក់អគ្គនាយកបច្ចេកទេស សម្រេច និងផ្សព្វផ្សាយជាសាធារណៈ ។ ករណីដែលទីផ្សារមានការប្រែប្រួលខ្លាំង គណៈកម្មការនឹងមានការប្រជុំជាបន្ទាន់ ដើម្បីរក ដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត