ក្រសួងប្រៃសណីយ៍ប្រកាសឱ្យសាធារណជនប្រយ័ត្នពីការផ្ញើសារបោកបញ្ឆោតតាមប្រព័ន្ធតេឡេក្រាម

អត្ថបទដោយ៖
Charlie Chan

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការប្រកាសដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការវាយប្រហារដោយការផ្ញើសារបោកបញ្ឆោតតាមប្រព័ន្ធតេឡេក្រាម (telegram) ដែល បាននិងកំពុងកើតមានគួរឱ្យបារម្ភ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ស្ដីពី ការបង្ការការវាយប្រហារបោកបញ្ឆោតតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker)។

ចោរព័ត៌មានវិទ្យា (Hacker)ទាំងនោះ បានធ្វើការផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសាររួមមាន៖ អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ទាំងនេះ គឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី ២៤ ម៉ោង។

សេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្តថា ៖ «ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បានជាក់ជាមិនខាន»។

ក្រសួងបានបន្ត ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត ត្រូវរកចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ឬស្កេន QR Code ដែលមាននៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង។

ជុំវិញរឿងនេះដែរតាមរយៈបណ្តាញសង្គមរបស់លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាផ្នែកសន្តិសុខឌីជីថល បានស្នើឱ្យអ្នកកំពុងប្រើប្រាស់ប្រព័ន្ធតេឡេក្រាមទាំងអស់ ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធនេះឱ្យច្បាស់ និងបានស្នើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធនេះទាំងអស់ កុំឱ្យរក្សាទុកឯកសារសំខាន់ណាមួយនៅក្នុងប្រព័ន្ធនេះ ខណៈលោកថា បច្ចុប្បន្នប្រព័ន្ធនេះមិនទាន់ធានាសុវត្ថិភាពគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់នៅឡើយទេ។

លោកបានបញ្ជាក់ថា ៖ «ក្នុងពេលឥឡូវនេះ ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធ Telegram គឺទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ចេះប្រុងប្រយ័ត្ន និងស្គាល់ពីមុខងារនិងតួនាទីរបស់ប្រព័ន្ធនេះឱ្យបានច្បាស់ ។ពិសេសខ្ញុំសូមមិនលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់រក្សាទុកឯកសារសំខាន់ៗផ្លូវការ ឬឯកសារណាមួយដែលធ្វើឱ្យយើងមានគ្រោះថ្នាក់»។

លោកបានបន្តថា ៖ «ក្នុងនោះមានដូចជា ឯកសារក្រុមហ៊ុន សំណើការរកស៊ីរបស់ក្រុមហ៊ុន អីជាដើម ក្នុងប្រព័ន្ធនេះនោះទេ ព្រោះករណីដែលគណនីយើងត្រូវបានលួច( Hack) យកទៅបាត់ នឹងធ្វើឱ្យយើងមានហានិភ័យខ្ពស់ ខណៈប្រព័ន្ធ Telegram មិនទាន់មានក្រុមការពារសន្តិសុខណាមួយសម្រាប់យើងនោះឡើយ»។

ទាក់ទិននឹងបញ្ហាបោកបញ្ឆោតតាមរយៈប្រព័ន្ធតេឡេក្រាមនេះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ក៏បានប្រកាសឱ្យអ្នកប្រើប្រាស់កម្មវិធីតេឡេក្រាមទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើតំណភ្ជាប់ ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ព្រោះកន្លងមកនាយកដ្ឋាន ធ្លាប់បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធីនេះតាមរយៈការផ្ញើតំណភ្ជាប់បោកបញ្ឆោត, លីង (Link) ក្លែងក្លាយ ជាច្រើនករណីមកហើយផងដែរ។

យ៉ាងណាមិញ តាមរយៈសេចក្តីជូនដំណឹង សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងប្រៃសនីយ៍ ក៏បានប្រកាសឱ្យអ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាដើម៕ ដោយ៖ បូរពេជ្យហ្សាលីន

ads banner