ឯកឧត្តម វ៉ី សំណាង៖ ខេត្តកំពង់ស្ពឺ ជួបវិបត្តិកង្វះកម្លាំងពលកម្ម គ្រាដែលរោងចក្រ សហគ្រាសបន្តកើនឡើង

កំពង់ស្ពឺ៖ ខណៈដែលរោងចក្រ សហគ្រាសកំពុងមានការកើនឡើងជាបន្តបន្ទាប់ ខេត្តកំពង់ស្ពឺ បាននិងកំពុងជួបនូវវិបត្តិកង្វះកម្លាំងពលកម្មប្រមាណជាង មួយម៉ឺននាក់បន្ថែមទៀត ដើម្បីបម្រើតម្រូវការនៅតាមបណ្តារោងចក្រ សហគ្រាស ។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ី សំណាង បន្តថា រដ្ឋបាលខេត្តបានទទួលរោងចក្រថ្មីមួយបន្ថែមទៀត (ជេនីរ៉ល អ៊ីនធឺប្រាយ)ដែលបានបើកដំណើរការនៅបណ្តោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ ៤៦ ក្នុងភូមិសាស្ត្រ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រោងចក្រនេះបានវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ដែលជំហ៊ានដំបូងត្រូវការកម្មករ កម្មការិនីប្រមាណ ៦ពាន់ធ្វើការ លើតម្រូវការជំហ៊ានពីរជាង៨ពាន់នាក់។

ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង មានកម្មករ និយោជិតសរុប ១៥៧,០២៧នាក់ ស្រី ១១៥,៨៩៧នាក់ ។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៩១, មានកម្មករ និយោជិត សរុប១៤៣,៩៣១នាក់ ,ស្រី ១០៩,៥០៨នាក់។ ចំនួននេះនិងមានការកើនឡើងបន្ថែមទៀតនៅក្នុងកំឡុងចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤។

ខេត្តកំពង់ស្ពឺក៏ជាខេត្តគោលដៅចម្បងសម្រាប់វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម របស់អ្នកវិនិយោគនៃខេត្តហឺណានផងដែរ ដែលគ្រោងធ្វើការដាំបន្លែ ចិញ្ចឹមសត្វដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិននិងពិភពលោកទាំងមូលនាពេលខាងមុខផងដែរ។ ដោយកត្តាទាំងអស់នេះ រដ្ឋបាលខេត្តកំពង់ស្ពឺកំពុងយកចិត្តទុកដាក់ពីតម្រូវការនៃកម្លាំងពលកម្មមិនអាចខ្វះបានដើម្បីឆ្លើយតបទៅនិងកំណើនរោងចក្រ សហគ្រាសរបស់អ្នកវិនិយោគទាំងនេះ។ទន្ទឹមនេះរដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនមានការងារធ្វើនិងកំពុងរកការងារធ្វើអាចមកធ្វើការនៅក្នុងខេត្តនេះបានដោយមិនបាច់ធ្វើចំណាកស្រុកទេ ព្រោះខេត្តកំពុងត្រូវការកម្លាំងពលកម្មច្រើនម៉ឺននាក់បន្ថែមទៀត ៕

ដោយ៖ម៉ុន សំអាត

ads banner