ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣។ ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ព្រះអង្គ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានសូមថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕