អភិបាលស្រុកមុខកំពូល បានបញ្ជាក់ថា សាលារៀនជំនាន់ថ្មី បានដើរតួនាទី យ៉ាងសំខាន់ ដើម្បីឱ្យសិស្សមានចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ
(ភ្នំពេញ)៖ គណគ្រប់គ្រងវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានរៀបចំទិវាជួបជុំ ឪពុកម្តាយ ដើម្បីបង្កើនភាពស្និតស្នាល និងចែករំលែកពីបញ្ហា ដំណោះស្រាយរបស់សិស្ស ជាពិសេសបង្ហាញពីការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរហូតលេចចេញជាស្នាដៃផ្សេងៗមកដាក់តាំងពិព័ណ៌ជូនទស្សនា។ ពិធីនេះធ្វើឡើងនាថ្ងៃទិ២៦ ខែសីហា ឆ្នាំ២០២៣ នាស្រុកមុខកំពូល ខេត្តកណ្តាល។
លោក សៅ ចន្ថា នាយកវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានធ្វើរបាយការណ៍ពីសមិទ្ធផលជាច្រើនរបស់សាលា និងបានថ្លែងអំណរគុណដល់ឪពុក ម្ដាយ អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់កម្មវិធីសាលារៀនជំនាន់ថ្មី ឱ្យមាននិរត្តរភាពតាមរយៈការចូលរួមបង់ថវិកាភាគទានស្ម័គ្រចិត្ត ដើម្បីសាលារៀន មានសមត្ថភាពអាចអភិវឌ្ឍន៍ធនធានមនុស្សចូលរួមប្រកួតប្រជែកលើឆាកជាតិ និងអន្តរជាតិបាន។

លោក យី យ៉ាន អភិបាលស្រុកមុខកំពូល បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល និងនីតិកាលទី៦ នៃរដ្ឋសភាជាតិ ដើម្បីឆ្លើយតបទៅនឹងការអប់រំតាមបែបសតវត្សរ៍ទី២១ ដោយមានការគាំទ្រនូវបច្ចេកទេស និងសម្ភារៈទំនើបៗយ៉ាងសម្បូរបែបសម្រាប់គាំទ្រការរៀន និងបង្រៀន។ ដូចនេះដើម្បីឆ្លើយតបការអប់រំតាមបែបសតវត្សរ៍ទី២១ កម្មវិធីសាលារៀនជំនាន់ថ្មី មានសិទ្ធស្វ័យភាពប្រតិបត្តិក្នុងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពនានាសំដៅធ្វើយ៉ាងណា ដើម្បីឱ្យសិស្សមានចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ ឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកអភិបាលស្រុក បានសម្តែងនូវការកោតសរសើរ ពីស្នាដៃសិស្សានុសិស្ស បន្ទាប់ពីពួកគេបានសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរហូតលេចចេញជាស្នាដៃផ្សេងៗសម្រាប់ការដាក់តាំងពិព័ណ៌នាឱកាសនេះ ដើម្បីបង្ហាញដល់សហគមន៍មាតាបិតា និងអ្នកអាណាព្យាបាលសិស្សឱ្យបានឃើញពីស្នាដៃរបស់ពួកគេ។

លោក យី យ៉ាន បន្តថា ការសិក្សាតាមបែបទំនើបសតវត្សរ៍ទី២១ ដែលបានផ្ដោតលើមុខវិជ្ជាស្តែមរួមមាន មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តដាក់យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿននានា បានបង្រៀនសិស្សានុសិស្សរបស់គេ តាមរយៈបង្កើតឱ្យមានកម្មវិធីសាលារៀនជំនាន់ថ្មី និងអនុវត្តការបង្រៀន និងរៀនតាមបែបសតវត្សទី២១នេះ ក្នុងគោលបំណងឱ្យសាលារៀនរដ្ឋទូទៅក្លាយជាសាលារៀនសាធារណៈគំរូមួយដែលក្មួយៗសិស្សានុសិស្សមានឱកាសសិក្សាផ្សារភ្ជាប់នឹងការពិសោធ បន្ទប់សិក្សាល្អ និងបណ្ណាល័យសតវត្សរ៍ទី២១ដែលមានសៀវភៅល្អៗជាច្រើនព្រមទាំងមានសម្ភារបច្ចេកវិទ្យាទំនើបៗ ដូចជា កុំព្យូទ័រ (ICT) ថេបប្លេក (Tablets) សម្រាប់ការសិក្សា និងស្រាជ្រាវជាក់ស្តែងបន្ថែមជាដើម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសាលារៀនជំនាន់ថ្មីមានចំនួន១០ ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៦ បឋមសិក្សាមានចំនួន៤ ក្នុងរាជធានី ខេត្ត និងក្រុង ក្នុងនោះរួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ ហើយបច្ចុប្បន្នមានសិស្សដែលកំពុងសិក្សាជាង៦០០០នាក់។ នៅខេត្តកណ្តាលមានវិទ្យាល័យចំនួន១ ដែលបានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី គឺវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញយើងនេះបានចាប់ផ្ដើមអនុវត្តពីឆ្នាំសិក្សា២០១៧-២០១៨៕
ចាន់ វិចិត្រ