ហ្វីលីពីន ប្តេជ្ញាបង្កើនការបង្ក្រាបការជួញដូរមនុស្ស
ម៉ានីល៖ មន្ត្រីនាយកដ្ឋានយុត្តិធម៌ហ្វីលីពីន (DOJ) បានបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានចេញបញ្ជាឱ្យរដ្ឋាភិបាលបង្កើនការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
នៅក្នុងវេទិកាសារព័ត៌មានមួយ ជំនួយការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីន លោក មីកូ ក្លាវ៉ាណូ បាននិយាយថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានផ្តល់ការណែនាំជាក់លាក់មួយ ដើម្បីពង្រឹងវិធានការបង្ក្រាបការជួញដូរមនុស្ស។ លោក ក្លាវ៉ាណូ បន្តថា ប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ គឺជាចំណុចក្តៅសម្រាប់ជនរងគ្រោះពីការជួញដូរមនុស្សខុសច្បាប់។ លោកថា ដំណោះស្រាយគឺបង្កើតការងារបន្ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន និងបង្ក្រាបការជួញដូរមនុស្ស។
សូមបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងចាត់វិធានការការពារពលរដ្ឋហ្វីលីពីន ពីការធ្លាក់ខ្លួនជាជនរងគ្រោះរបស់ក្រុមរត់ពន្ធមនុស្សចេញពីប្រទេស នៅក្នុងរូបភាពស្វែងរកការងារមានប្រាក់ឈ្នួលខ្ពស់។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនបានហាមឃាត់ពលរដ្ឋហ្វីលីពីនជិត១៤,០០០នាក់ មិនឱ្យចាកចេញពីប្រទេស តាមអាកាសយានដ្ឋានចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣នេះ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា