រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងអនុក្រឹត្យបានបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។ អនុក្រឹត្យបានបន្តថា អគ្គនាយកដ្ឋានធនធានមនុស្ស ដឹកនាំដោយអគ្គនាយក ០១រូបនិងមានអគ្គនាយករងមួយចំនួន ជាជំនួយ តាមការចាំបាច់។ ត្រូវបានផ្ទេរនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស។
អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធ ដូចខាងក្រោម៖
១-នាយកដ្ឋានរដ្ឋបាលសរុប
២-នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ
៣-នាយកដ្ឋានបុគ្គលិកមន្ដ្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ
៤-នាយកដ្ឋានគោលនយោបាយ។
តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងតួនាទីភារកិច្ចរបស់នាយកដ្ឋានចំណុះ ត្រូវកំណត់ដោយអនុក្រឹត្យមួយដោយឡែក៕