ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបញ្ចប់អាណត្តិ បង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិ បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គមដ៏មានប្រសិទ្ធភាព,និងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកជំទាវក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។

ជាកិច្ចឆ្លើយតប ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកជំទាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ។ ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រុមការងារឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ads banner