ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ យល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ត្រូវចូលរួមផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។

ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជីវភាព ដើម្បីពិនិត្យ និងវាយតំលៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។

អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្នក៏ដូចជាស្របទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ ចំពោះបញ្ហាទំនាស់ដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនឱ្យមានកិច្ចសហការជាមួយដៃគូរឺមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍រឺសិស្សនិស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលឱ្យបានច្រើនថែមទៀត ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner