ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ព្រះរាជក្រឹត្យនេះ មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងព្រះរាជក្រឹត្យបានបន្តថា ត្រូវបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាសភាពពីគណបក្សនយោបាយទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀតដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
ការចូលរួមរបស់គណបក្សនយោបាយអនុលោមតាមកថាខណ្ឌទី១ខាងលើ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់សាប់គណបក្សនយោបាយនីមួយៗ និងដោយអនុលោមតាមលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងព្រះរាជក្រឹត្យនេះ។ គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃ រដ្ឋសភា ទទួលបានបុព្វសិទ្ធិជាគណបក្សស្ថាបនិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងលក្ខខណ្ឌដែលគណបក្សនយោបាយនោះបានដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ និងទទួលបានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី សម្រាប់ការតែងតាំងជាសមាសភាពដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយអនុលោមតាមព្រះរាជក្រឹត្យនេះ។
ក្រៅពីគណបក្សស្ថាបនិកដូចមានចែងក្នុងកថាខណ្ឌទី៣ខាងលើ គណបក្សនយោបាយផ្សេងទៀត ទាំងគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ទាំងគណបក្សនយោបាយដែលមិនបានចូលរួមក្នុងការបោះឆ្នោតនេះ ប៉ុន្ដែបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ អាចស្នើសុំចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន ដោយត្រូវដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះនិងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភាក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ៖ពលជ័យ