តុលាការឃុំខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន (Video Inside)
តុលាការបានឃុំខ្លួនក្រុមជាប់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន ខណៈការតាមស្វែងរកជនសង្ស័យពាក់ព័ន្ធដទៃទៀត រត់ចេញទៅខាងក្រៅប្រទេសនៅតែបន្តធ្វើ។
មន្ត្រីសាលាដំបូងរាជធានី បានថ្លែងថាមេខ្លោងគ្រឿងចិនតៃវ៉ាន់ និងបក្ខពួក១១នាក់ទៀតរួមមាន ខ្មែរ និងបរទេស ត្រូវបានឃុំខ្លួននៅថ្ងៃទី៣០សីហានេះ ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់ របស់តុលាការកម្ពុជា។
ការធ្វើសកម្មភាពរំដោះអ្នកទោសមេខ្លោងគ្រឿងញៀនចិនតៃវ៉ាន់ឈ្មោះ ឈិន ស៊ីងហាង បានធ្វើឡើងវេលាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ គ្រាដែលអ្នកទោសជាតិចិននោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនីកធ្មេញ «ជុំចិន្តា» ស្ថិតនៅភូមិតាភុល, សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងចំណោមមនុស្សដែលរំដោះអ្នកទោសនោះ រួមមានខ្មែរអាមេរិកាំង៦រូប មកពីក្រុង Long Beach រដ្ឋកាលីហ្វ័រនីញ៉ា ដែលជាក្រុមស៊ីឈ្នួលរំដោះអ្នកទោស ប៉ុន្តែក្រុមឧក្រិដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមួយថ្ងៃក្រោយការធ្វើសកម្មភាពរួចមក។
គិតត្រឹមថ្ងៃទី២៣សីហា, សមត្ថកិច្ចបានចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធទាំងអស់សរុប១៣ នាក់ ប៉ុន្តែទើបបានបញ្ជូនទៅតុលាការចំនួន១១នាក់តែប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីកម្ពុជាកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមត្ថភាពរបស់កងកម្លាំង និងបានចាត់ទុកការបំពេញជោគជ័យ តាមចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់នោះថា ជា «ការចូលរួមចំណែកធានាការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។