ក្រសួងអប់រំផ្តល់កំណែទម្រង់លើការជ្រើសរើសគ្រូបង្រៀន (Video Inside)
សិស្សដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុបក្នុងនិទ្ទេស A, B និង C នឹងអាចចូលធ្វើជាគ្រូបង្រៀនដោយមិនឆ្លងកាត់ការប្រលង។
សេចក្តីសម្រេចនេះ បានធ្វើឡើងតាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ និងជាការចាប់ផ្តើមធ្វើកំណែទម្រង់មួយ បន្ទាប់ពីមានរាជរដ្ឋាភិបាលថ្មី ទើបបានចូលបំពេញការងាររយៈពេលប្រមាណ១សប្តាហ៍។
ឯកសារបានសរសេរបញ្ជាក់ថា សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA, B និង C នឹងជ្រើសរើសចូលជាគ្រូបង្រៀន តាមរយៈការវាយតម្លៃទៅតាមលក្ខណៈវិនិច្ឆ័យ ដោយអាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង។
ឯកសារដដែលបានសរសេរថា «សម្រាប់កូតាគ្រូបង្រៀន ដែលនៅសល់សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស ដូចធម្មតាដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាង ទីស្តីការគណៈរដ្ឋមន្ត្រី»។
ឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ថាផងដែរថា ក្រសួងអប់រំនឹងរៀបចំរង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត, ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ។
ឯកសារសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ នេះត្រូវបានដាក់ចេញក្នុងពេលដែលរាជរដ្ឋាភិបាលថ្មី កំពុងជម្រុញការអនុវត្តគោលនយោបាយអាទិភាពទាំង៦ ដែលចាប់ផ្តើមចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៣។