មន្ទីរកសិកម្មខេត្តព្រៃវែង ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺឆ្លងសត្វ គោ ក្របី នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ព្រៃវែង៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញខេត្ត ស្រុក រួមទាំងភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ បន្តជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺឆ្លងសត្វ គោ ក្របី ជាពិសេសជម្ងឺសារទឹក អុតក្ដាម និងជម្ងឺដុំពកលើស្បែក នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

លោក អ៊ុក សំណាង នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាម្ចាស់សត្វបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមានសារសំខាន់ណាស់ ព្រោះផលិតកម្មសត្វបានរួមចំណែកក្នុងការបង្កើនចំណូលសេដ្ឋកិច្ច ដល់គ្រួសារកសិករ ក៏ដូចជាការទ្រទ្រុងចំណូលសេដ្ឋកិច្ចជាតិផងដែរ។

លោក អ៊ុក សំណាង បន្តថា ដើម្បីទប់ស្កាត់ជម្ងឺឆ្លងសត្វ ជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់នូវសំភារបរិក្ខារ ថ្នាំព្យាបាល នឹងវ៉ាក់សាំងការពារមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធការ ចាក់វ៉ាក់សាំងការពារ និង ព្យាបាល សត្វពាហនៈ ជូនប្រជាពលរដ្ឋបានយ៉ាងទូលំទូលាយក្នុងខេត្តព្រៃវែង ។

លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកចិញ្ចឹមសត្វ ក្នុងការនាំសត្វ មកចាក់វ៉ាក់សាំងឲ្យបានជោគជ័យ ក្នុងការគាំពារសុខភាពសត្វ ជូនប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វផងដែរ៕

ដោយ ៖ នុតនាង

ads banner