ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកស្អែកនេះ
(កណ្ដាល)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ១៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួបសំណេះសំណាលស្អែកនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ ឯកឧត្តមបណ្ឌិត ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញចំនួន២ និងបោកគក់សម្លៀកបំពាក់ចំនួន៣។
ឯកឧត្តម បានបន្តថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតជាង ១៥ម៉ឺននាក់ ស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
ឯកឧត្តមបណ្ឌិត ហេង សួរ បានឱ្យដឹងទៀតថា ក្នុងចំណោមរោងចក្រ សហគ្រាស៤៨៣នេះ មានរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន១៧១ មានកម្មករ និយោជិតជាង ១៣ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមជាង ៤១១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកណ្តាលជាខេត្តឈរលំដាប់ទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេសស្ត្រីមានផ្ទៃពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើក បើកមុនពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយពេលសម្រាលកូន។ ក្នុងមួយលើកបើកបាន ៨ម៉ឺនរៀល។ បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការឧបត្ថម្ភដាច់ដោយឡែកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលផងដែរ។ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅសុខទុក្ខ និងជីវភាពកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ។
សូមជម្រាបថា ជំនួបជាមួយកម្មករ កម្មាការីនី និយោជិតកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕
ដោយ វណ្ណលុក