ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នៅខែវិច្ឆិកា ដែលនឹងផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែង

ភ្នំពេញ៖​ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ  ដោយរំពឹងថានឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់យុវជន។

NEA នៅថ្ងៃទី​៣១ ខែសីហា បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាឬស.ស.យ.ក (UYFC) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។

NEA បានបញ្ជាក់ថា៖«ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ នឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពី តម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ»។

ទន្ទឹមនឹងនេះ កម្មវិធីនេះក៏នឹងមានរួមបញ្ចូលនូវសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ។

ទាក់ទងនឹងព្រឹត្តិការណ៍ពិព័រណ៍ការងារនេះដែរ លោក ​ឆោម​ សុខឿន​ ប្រធាន​មជ្ឈ​មណ្ឌល​ការងារ​ រាជ​ធានី​ភ្នំពេញ​បានឱ្យដឹងថា​ មជ្ឈម​ណ្ឌល​ការងារ​ រាជធានី​ភ្នំពេញ​ ក៏​ដូចជា​មជ្ឈ​មណ្ឌល​ការងារ​នៅ​តាម​បណ្តា​ខេត្ត​នៃ ទីភ្នាក់​ងារ​ជាតិ​មុខ​របរ ​និង​ការងារ ​តែង​តែ​រៀបចំ​ឱ្យមានពិព័រណ៌ការងារ ​វេទិកា​ការងារ​ និង​កិច្ច​សម្ភាសន៍​ការងារនានា ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលកំពុងស្វែងរកការងារធ្វើ​​។​
 លោកបញ្ជាក់ថា៖«​ ពិព័រណ៍ការងារ ក៏ដូចជាវេទិកា​ការងារ​នេះ ​គឺមាន​សារៈ​សំខាន់ ​ព្រោះ​អនុញ្ញាត​ឱ្យមាន​ការ​ជួប​ជុំគ្នា​រវាង​និយោជក​ និង​អ្នកស្វែង​រក​ការងារ​ធ្វើ នៅ​ទីតាំង​មួយ​កន្លែង ក្នុងនោះ​និយោជក​ គឺ​មាន​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ការងារ​ដល់​អ្នក​ស្វែង​ការងារ​ធ្វើ​ ហើយយុវជនវិញមានឱកាសស្វែងរកការងារដែលពួកគេចង់ធ្វើផងដែរ»។

សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារដើម្បីទាក់ទាញបេក្ខជនដែលមានសក្តានុពលជាច្រើនដែលនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ អាចទាក់ទងទៅកាន់ NEA ដើម្បីកក់បញ្ជរ តាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧ និង ០៩៦ ២១ ៥៥ ១៦២

សូមជម្រាបថាគិតចាប់តាំងពីឆ្នាំ២០១១ មក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន១២លើករួចមកហើយ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា។ ជាការរំពឹងទុក ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ននិងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ដោយ​នាំយកឱកាសការងារប្រមាណជាងពីរម៉ឺនកន្លែង ហើយនឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណបី ម៉ឺននាក់៕

ដោយ៖ សុខ រក្សា

ads banner