គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីប្រកាសអំពីការចាប់ផ្ដើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣”
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីប្រកាសអំពីការចាប់ផ្ដើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣”។ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការប្រកាសផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្ម នៃច្បាប់នេះ បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំ និងកសាងផែនការមេ និងបានដាក់ចេញនូវប្រតិទិនការងារដែលត្រូវបំពេញតាមដំណាក់កាលនីមួយៗ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ប្រតិទិននេះ ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងបានចែកជូនអង្គប្រជុំរួចហើយ។ ដោយឡែកសាធារណជន និងភាគីពាក់ព័ន្ធនានា ក៏អាចទាញយកនូវប្រតិទិនការងារនេះចេញពីគេហទំព័ររបស់ គ.ជ.ប ឬក៏អាចយកពីបណ្ដាញទំនាក់ទំនងសង្គមរបស់ គ.ជ.ប ផងដែរ។ ប្រធាន គ.ជ.ប បានបន្តថា ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២គឺយោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ ដំណើរការនៃការផ្តល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបាន ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តទៀតថា ការចុះឈោ្មះអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ៖ អ្នកសង្កេតការណ៍ជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដោយត្រូវបំពេញបែបបទ តាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ គ.ជ.ប ត្រូវពិនិត្យ និងសម្រេចលើលក្ខណសម្បត្តិ និងលក្ខខណ្ឌរបស់អ្នកសង្កេតការណ៍ជាតិដែលត្រូវបានស្នើសុំ។ ពាក្យសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬមកយកផ្ទាល់ពីនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅទីស្តីការ គ.ជ.ប ដោយឥតគិតថ្លៃ ហើយត្រូវដាក់ពាក្យស្នើសុំរបស់ខ្លួននៅ គ.ជ.ប។ គ.ជ.ប នឹងចាប់ផ្ដើមទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូត ( ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ អ្នកសារព័ត៌មានជាតិ ៖ អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់ មក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ ត្រូវកំណត់ដោយ គ.ជ.ប ដូចមានចែងក្នុងបទបញ្ជា និង នីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសចក្តីជូនដំណឹង លេខ ០៦២ គជបសជ.ណ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្តីពីការដាក់ និងការទទួលពាក្យ សុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣។ ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប ឬអាចមកយកដោយផ្ទាល់នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការ គជប ដោយឥតគិតថ្លៃ។
ការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ៖ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ឬប្រទេសនានា ដែលមានបំណងចូលរួមសង្កេតមើល ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបំពេញទម្រង់បែបបទសុំ ចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ដែលកំណត់ដោយ គ.ជ.ប។ ពាក្យសុំដែលបានបំពេញរួចរាល់ហើយ អាចយកមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើទម្រង់ពាក្យសុំនេះតាមរយៈ អ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកអ្នកសារព័ត៌មានអន្តរជាតិ ដែលមានបំណងយកព័ត៌មានអំពីដំណើរការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ អាចដាក់ពាក្យសុំដោយផ្ទាល់មក គជប ឬផ្ញើពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ទម្រង់នៃពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ មានក្នុងគេហទំព័ររបស់ គ.ជ.ប៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប