រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានៅថ្ងៃទី៥ ខែកញ្ញា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកគណៈកម្មការនានានៃរដ្ឋសភា។ ការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភានេះ បានធ្វើឡើងបន្ទាប់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកគណៈកម្មការនានានៃរដ្ឋសភា។

សូមជម្រាបថា គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា មាន ៖

  • គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
  • គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
  • គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
  • គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
  • គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន
  • គណៈកម្មការនីតិកម្ម និងយុត្តិធម៌
  • គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
  • គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
  • គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • និងគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ៕
    ដោយ៖ពលជ័យ
    រូបភាព៖រដ្ឋសភា
ads banner