ប្រាក់ខែសន្ដិសុខចាយមិនគ្រប់ យប់ឡេីងនាំបក្ខពួក បម្រុងចេញ កាច់ ក ម៉ូតូ តែត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ដេញឃាត់ខ្លួនបាន០២នាក់
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រដេញ តាមចាប់ជនសង្ស័យកាច់ ក ម៉ូតូ ចំនួន ២នាក់ ពីចំណុចរង្វង់កាំកូ ផ្លូវ៥៩៨ ក្រុមទី១១ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងឃាត់ខ្លួនបាន នៅសង្កាត់បឹងកក់២ កាលពីម៉ោង១ រំលងអាធ្រាត្រ ឈានចូលនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យ ទាំង០២នាក់ មាន ឈ្មោះ ចាន់ ពិសិទ្ធិ អាយុ២២ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅផ្ទះលេខ០៣៥ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) និងឈ្មោះ រិទ្ធ ហេង អាយុ២៥ឆាំ្ន មុខរបរមិនប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សំភារៈដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ សោរខ្សៀលេខ៨ចំនួន ០១។ ដែកសំប៉ែតចុងស្រូច ចំនួន ០១។ ម៉ូតូ០១គ្រឿង និង ទូរសព្ទដៃ១គឿង។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនខាងលើជិះម៉ូតូ០១ម៉ាកនិច ពណ៌ស គោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យជិះមកដល់ចំនុចខាងលើក៏ជួបកំលាំងសមត្ថកិច្ចល្បាតសង្ស័យត្រួតពិនិត្យឆែកឆេររកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍សម្រាប់ឆ្កឹះសោរម៉ូតូ នៅក្នុងខោប៉ៅខោជនសង្ស័យឈ្មោះ ចាន់ ពិសិដ្ឋ ដែលលាក់នៅខោប៉ៅខោផ្នែកខាងឆ្វេង នៅពេលឃាត់ខ្លួនបាន ជនសង្ស័យ បានយកសោរ គប់ មកលើសមត្ថកិច្ចទៀតផង។ បន្ទាប់មកកំលាំងជំនាញខណ្ឌ បាននាំជនសង្ស័យខាងលើ រួមនឹងវត្ថុតាង មកអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីសាកសួរ៕

ដោយ ៖ ជីម ភារ៉ា