អង្គការអភិរក្សអន្តរជាតិ បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទដែលជិតផុតពូជក្នុងតំបន់ជួរភ្នំក្រវាញកណ្តាលនៃកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖តាមរយៈលទ្ធផលបឋមនៃម៉ាស៊ីនថតស្វ័យប្រវត្តិលើកទី១ នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទ ដែលប្រភេទទាំងនេះត្រូវបានចាត់ចូលជា ប្រភេទជិតផុតពូជបំផុត, ប្រភេទ​កំពុងទទួលរងការគំរាមកំហែង,  ប្រភេទជិតទទួលរងការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួចនៃបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។  នេះបើតាម​អង្គការ​អភិរក្សអន្តរជាតិប្រចាំកម្ពុជា(CI) បានចេញផ្សាយកាលពីថ្ងៃទី​៣១ខែសីហា ឆ្នាំ២០២៣។

អង្គការនេះបានបន្តថា ការសិក្សា និងតាមដានសត្វព្រៃនេះបានផ្តិតយករូបភាពសត្វព្រៃកម្រជាច្រើនប្រភេទមានដូចជា ពង្រូល ដំរីអាស៊ី ឆ្កែព្រៃ ខ្លាភ្ញីថ្មកែវ ខ្លាពពក ខ្ទីង ខ្លាលឿងមាសនិងសត្វកែះជាដើម។

អង្គការអភិរក្សអន្តរជាតិ បានបញ្ជាក់ថា លទ្ធផលបឋមទាំងនេះ បានសបញ្ជាក់ឱ្យយើងបានឃើញថាទោះជាប្រឈមទៅនឹងកត្តាគំរាមកំហែងដូចជាការបរបាញ់សត្វព្រៃនិងការកាប់រានដីព្រៃ តំបន់ជួរភ្នំក្រវាញកណ្តាល នៅតែជាទីជម្រក ដ៏មានសារៈសំខាន់ដល់ប្រភេទសត្វកំពុងរងការគំរាមកំហែងជាច្រើន» ។

នេះជាលទ្ធផលមោទកភាពមួយសម្រាប់កិច្ចការងារអភិរក្សជីវៈជម្រុះ និងប្រភេទសត្វព្រៃងាយរងគ្រោះស្ថិតក្នុងបញ្ចីក្រហមរបស់អង្គការ IUCN ក្រោមកិច្ចសហការរវាងអង្គការអភិរក្សអន្តរជាតិកម្ពុជា  ជាមួយក្រសួងបរិស្ថាន ក្រោមជំនួយថវិកាពី USAID Morodok Baitang-មរតកបៃតង​។

គួរជម្រាបផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ USAID មរតកបៃតង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ខ្លាឃ្មុំតូច ឬខ្លាឃ្មុំព្រះអាទិត្យ ត្រូវបានថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិ។

មរតកបៃតង​ បានឱ្យដឹងថា ខ្លាឃ្មុំតូចត្រូវបានគេដាក់ឈ្មោះបែបនេះដោយសារតែរោមពណ៌មាសនៅលើទ្រូងរបស់ពួកវា ដែលស្រដៀងនឹងព្រះអាទិត្យ ហើយពួកវា ជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេបំផុត។ ខ្លាឃ្មុំតូច មានទេពកោសល្យក្នុងការឡើងដើមឈើនៅតំបន់ព្រៃច្រើនដែលវាតែងតែចំណាយពេលវេលានៅទីនោះ។ ចំណុច​ពិសេស​របស់​ខ្លាឃ្មុំ​តូច គឺ​វាចេះរៀបចំ​សង់​គ្រែដេកដោយ​ប្រើ​មែក​ឈើ​ និង​ស្លឹក​! អាហារសម្រន់ខ្លាឃ្មុំតូចចូលចិត្តបំផុតនោះ គឺទឹកឃ្មុំ ហើយពួកវាក៏ស៊ីសត្វល្អិត និងស្លឹកឈើជាអាហារផងដែរ ។

ពាក់ព័ន្ធការអភិរក្សនេះផងដែរ USAID មរតកបៃត ងកំពុងធ្វើការជាមួយអង្គការអភិរក្សអន្តរជាតិ CI ដើម្បីដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិសម្រាប់ការស្រាវជ្រាវជីវៈចម្រុះ ដែលរួមចំណែកដល់ការអភិរក្សសត្វប្រភេទនេះ៕

ដោយ៖ សុខ រក្សា

ads banner