ស្ថាប័នឯកជនចំនួនពីរ នឹងរៀបចំ «ពិព័រណ៍បើកចិត្ត» ដើម្បីលើកកម្ពស់ភាពចម្រុះ និងក្រុមងាយរងគ្រោះស្រឡាញ់ភេទដូចគ្នា និងចាស់ជរា
ភ្នំពេញ៖ អ៊ីមផេកហាប់ភ្នំពេញ និងអង្គការអុកស្វាម នឹងរៀបចំ “ពិព័រណ៍បើកចិត្ត” នៅថ្ងៃទី៣ ខែកញ្ញា វេលាម៉ោង២រសៀល នៅ Factory Phnom Penh ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ភាពចម្រុះ និងបរិយាបន្ននៃក្រុមគោលដៅទាំងប្រាំរួមមាន ជនដែលមានពិការភាព ក្រុមសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ(LGBTI)ក្រុមស្រ្តីងាយរងគ្រោះ ក្រុមយុវជន និងចាស់ជរា ព្រមទាំងជនជាតិដើមភាគតិច។
សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ស្ថាប័នទាំងពីរខាងលើ បានឱ្យដឹងថា គម្រោង “កម្មវិធីភាពចម្រុះ និងបរិយាបន្នសង្គម ឬហៅថា NOW-Us! Award Cambodia គឺដើម្បីពង្រឹងកិច្ចសហការជាមួយអង្គការ និងបណ្តាញយុវជនទាំងប្រាំបីរ ដែលជាជយលាភីចូលរួមអនុវត្តកម្មវិធី NOW-Us! Award Cambodia ។

ប្រភពដដែលបន្តថា៖«នៅក្នុងពិព័រណ៍នេះនឹងមានការចែករំលែកចំណេះដឹង និងសកម្មភាពក្រុម ការតាំងបង្ហាញស្នាដៃពីក្រុម NOW-Us! Awards ការសម្តែង និងប្រគំតន្រ្តីពីសិល្បៈករជាច្រើនរូប ដែលការសម្តែងឆ្លុះបញ្ចាំងពីតថភាពក្នុងសហគមន៍ដែលពួកគេរស់នៅ និងការអបអរសាទរនូវរឿងរ៉ាវផ្សេងៗដែលបានបង្កើតឡើងដើម្បី ផ្តល់សិទ្ធិអំណាចដល់ក្រុមគោលដៅទាំងប្រាំ ដែលយើងធ្វើការជាមួយ»។ នេះជាការរៀបចំពិព័រណ៍លើកទី២ ដោយលើកទី១ត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា នាពេលថ្មីៗនេះ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា អង្គការអុកស្វាមមានមោទកភាពណាស់ ក្នុងការសហការជាមួយដៃគូក្នុងការជំរុញ និងលើកកម្ពស់គោលការណ៍បរិយាបន្ន និងភាពចម្រុះ និងលើកកម្ពស់ការចូលរួមដោយពេញលេញរបស់ក្រុមគោលដៅដែលយើងធ្វើការជាមួយដោយមិនទុកនរណាម្នាក់ចោលឡើយ។ លោកស្រីបន្តថា៖« រាល់សមិទ្ធផលដែលបានដាក់តាំងបង្ហាញតាមរយៈកម្មវិធីពិព័រណ៍ “បើកចិត្តនេះ” ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់អង្គការ និងបណ្តាញយុវជនទាំង៧ ដែលជាជ័យលាភីចូលរួមអនុវត្តកម្មវិធី NOW-Us! Award Cambodia ក្នុងការលើកកម្ពស់ និងបង្កើនឱកាសដល់ក្រុមងាយរងគ្រោះ ដែលមានសំឡេងភាគតិច និងក្រុមដែលតែងតែទទួលការររើសអើង»។

លោកស្រីបានបន្ថែមថា ពិព័រណ៍នេះដែរ ដើម្បីឱ្យពួកគាត់បានប្រើប្រាស់វិធីសាស្រ្តបែបច្នៃប្រឌិត និងរបៀបធ្វើការផ្អែកតាមបរិបទថ្មីក្នុងការបង្កើនសំឡេង និងជំរុញឱ្យមានការចូលរួមដ៏ពេញលេញក្នុងភាពជាតំណាងដ៏ប្រសើរក្នុងការធ្វើសេចក្តីសម្រេចនៅក្នុងសហគមន៍ និងសង្គមប្រកបដោយភាពចម្រុះ និងបរិយាបន្ន។
ចំណែកលោកស្រី មេឡានី ប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសសង្គមអ៊ីមផេកហាប់ភ្នំពេញ មានប្រសាសន៍ថា តាងនាមឱ្យសហគ្រាសសង្គម អ៊ិមផេកហាប់ភ្នំពេញ ពិតជាមានមោទកភាពយ៉ាងខ្លាំងក្នុងការរៀបចំវេទិកាដើម្បីបង្ហាញពីគំនិតផ្តួចផ្តើមប្រកបដោយការជំរុញទឹកចិត្តទាំងអស់នេះ ដែលបានលើកកម្ពស់ភាពចម្រុះ សមភាព និងបរិយាបន្ន កាន់តែប្រសើរជាងមុននៅក្នុងសង្គមរបស់យើងទាំងអស់គ្នា។ លោកស្រីថ្លែងទៀតថា៖«ពិព័រណ៍បើកចិត្តនេះគឺជាឱកាសដ៏អស្ចារ្យក្នុងការបញ្ជ្រាបអំពីប្រធានបទដ៏សំខាន់ទាំងអស់នេះនៅក្នុងខេត្តបាត់ដំបង និងទីក្រុងភ្នំពេញ ហើយវាបានបង្ហាញនូវរាល់សកម្មភាពនានារបស់អង្គការដៃគូទាំងអស់ទៅដល់សាធារណជនបានឃើញ»។
“NOW-Us! Award Cambodia” គឺជាកម្មវិធីដែលអនុវត្តដោយអ៊ីមផេកហាប់ភ្នំពេញតាំងពីឆ្នាំ ២០២១ តាមរយៈការគាំទ្រពីកម្មវិធីវ៉យ នៃអង្គការអុកស្វាម ដើម្បីលើកកម្ពស់បរិយាបន្ន និងភាពចម្រុះ តាមរយៈ សកម្មភាពប្រកបដោយភាពច្នៃប្រឌិតជាច្រើនរួមមាន សកម្មភាពបោះជំរំដើម្បីពង្រឹងសមត្ថភាពដល់បេក្ខជននីមួយៗក្នុងការហ្វឹកហាត់ និងកែសម្រួលវិធីសាស្រ្ត និងគំនិតច្នៃប្រឌិតថ្មីរបស់ក្រុមពួកគេ។ សកម្មភាពទាំងនោះរួមមាន ការចេះធ្វើផែនការគម្រោងដោយបង្ហាញពីការវិភាគបញ្ហាដែលប៉ះពាល់ដល់ក្រុមងាយរងគ្រោះដែលគេរើសអើង វិធីសាស្រ្តដោះស្រាយបញ្ហាដោយប្រើប្រាស់របៀបធ្វើការបែបថ្មី ដែលមានភាពច្នៃប្រឌិត និងប្រកបដោយបរិយាបន្នសង្គម ការស្វែងរកមតិគាំទ្រ ព្រមទាំងការចេះធ្វើផែនការគ្រប់គ្រងហិរញ្ញវត្ថុជាដើម៕

ដោយ៖ សុខ រក្សា