រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពិភាក្សាការពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣– ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ប្រកបដោយក្តីពេញចិត្តជ្រាលជ្រៅ ចំពោះការផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សា “ប្រកបដោយផ្លែផ្កា” រយៈពេលពីរម៉ោង នៅក្នុងជំនួបកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ រវាង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូមន្ត្រីសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Alex Carnes ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណៈកម្មាធិការស្ដីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិការជាតិរបស់ព្រឹទ្ធសភាអាមេរិក ដោយបានគូសបញ្ជាក់ថា ជំនួបនេះនឹងនាំទៅដល់ការបង្កើនការយល់ដឹងរវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មី នៅក្នុងជំនួបសម្តែងការគួរសមនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានពិភាក្សាលើទិដ្ឋភាពមួយចំនួននៃការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy បានថ្លែងរំលឹកដោយការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ ចិន្តាសោភា បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូត Murphy អំពីគម្រោងកាលវិភាគរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនអាមេរិកមួយចំនួន ដែលនឹងរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើម្បីពិភាក្សាពីឱកាសធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឯកឧត្ដមនាយករដ្ឋមន្តី្រ អញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាផងដែរ អំពីការរៀបចំជំនួបរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទីរបស់សហរដ្ឋអាមេរិក នៅអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួម។ ឯកឧត្តមទាំងពីររូប បានសម្តែងក្តីសោមនស្សរួមគ្នាចំពោះដំណើរការយ៉ាងរលូន និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អាមេរិក។
នៅក្នុងជំនួបនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានសម្តែងនូវអំណរគុណចំពោះការជូនពរ និងការអបអរសាទរដ៏កក់ក្ដៅរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចំពោះការតែងតាំងនូវតួនាទីថ្មី និងបានធានាចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនូវការបន្តទំនាក់ទំនងការងារដ៏ល្អនាបច្ចុប្បន្នរវាងក្រសួងនិងស្ថានទូត។ ឯកឧត្តមទាំងពីររូបបានបង្ហាញ ពីសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

